ក្រសួង​ប្រៃសណីយ៍ ឲ្យ​ក្រុមហ៊ុន Smart សុំទោស​ជា​សាធារណៈ​ចំពោះ​កំហុស​របស់ខ្លួន ហើយ​អ្នកពាក់ព័ន្ធ ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​ថ្ងៃទី​២២ ខែកក្កដា នេះ​បានចេញ​សេចក្តីប្រកាស​មួយ​អះអាងថា បាន​រកឃើញ​ក្រុមហ៊ុន Smart អនុវត្ត​ខុស​នីតិវិធី​ក្នុងការ​បើក​លេខ​ទូរ​សព្ទ​ជូន​អតិថិជន ដោយបាន​កាត់ផ្តាច់​លេខ​ទូរ​សព្ទ​របស់​អតិថិជន ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ ហើយ​យកទៅលក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​។

​ក្រសួង​បញ្ជាក់ថា “​ថ្មីៗ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​រកឃើញ​ថា ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី (Smart Axiata Co., Ltd.) បាន​អនុវត្ត​ខុស នឹង​នីតិវិធី​ក្នុង​ការបើក​លេខ​ទូរ​សព្ទ​ជូន​អតិថិជន ដោយបាន​កាត់ផ្តាច់​លេខ​ទូរ​សព្ទ របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ ហើយ​យកទៅលក់​បន្ត​ឱ្យ​អតិថិជន​ថ្មី​ដោយ​គ្មាន​ការយល់ព្រម​ពី​ម្ចាស់​ដើម​”​។

​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​អ្នកប្រើប្រាស់​សេវា​ទូរ​សព្ទ​ចល័ត ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានបញ្ជាក់​ជូន​សាធារណជន អំពី​ការចាត់វិធានការ​លើ​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី (Smart Axiata Co., Ltd.)៖

​ទី​១. ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី ត្រូវធ្វើ​ការសុំ​ទោស​ជា​សាធារណៈ ដោយ​ចុះផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​និង​សន្យា​មិនឱ្យ​មាន​ហេតុការណ៍​ខាងលើ​កើតមាន​សារជាថ្មី​ម្តងទៀត​។

​ទី​២. ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា ខូ អិ​ល​ធី​ឌី ត្រូវ​ផ្តល់​សំណង​នៃ​ការខូចខាត​ដល់​ម្ចាស់​ដើម​ចំពោះ​ការប្រព្រឹត្ត ខុស​នឹង​នីតិវិធី​ក្នុង​ការបិទ​លេខ​ទូរ​សព្ទ​ពី​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​។

​ទី​៣. ម្ចាស់​ដើម​មាន​សិទ្ធិ​ទទួលបាន​លេខ​ទូរ​សព្ទ​នោះមក​ប្រើប្រាស់​វិញ​។

​ទី​៤. រាល់​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នឹងត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​ជាមួយគ្នា​នោះ ក្រសួង​ប្រៃសណីយ៍ បាន​រំលឹក​ដល់​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​ទាំងអស់ ត្រូវ​ពង្រឹង ការគ្រប់គ្រង និង​នីតិវិធី​នៃ​ការ​ចែកចាយ និង​លក់​ស៊ីម​កាត​ទូរ​សព្ទ​ចល័ត ឱ្យបាន​ត្រឹមត្រូវ​ជូន​អតិថិជន​របស់ខ្លួន ជៀសវាង មាន​ករណីបែបនេះ​កើតឡើង​។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​បន្ត​តាមដាន​និង​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ចំពោះ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​ណា ដែល​បាន ប្រព្រឹត្ត​ខុស​៕

Related posts

Leave a Comment