ពិតជា​អស្ចារ្យ ! កូន​ខ្មែរ​ពីររូប​បញ្ចប់​ការសិក្សា​ផ្នែក​នុយក្លេអ៊ែរ​ស៊ីវិល ពី​សហព័ន្ធរុស្ស៊ី

​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បាន​ឲ្យ​ដឹងថា អតីត​និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (​សាលា​តិច​ណូ​) ពីររូប គឺ​លោក កែវ មករា និង​លោក កឹម ចាន់​ប៉ា​លី ទើបបាន​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ជំនាញ Nuclear Power Engineering and Thermal Physics (​ជំនាញ​នុយក្លេអ៊ែរ​ស៊ីវិល​) ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ Peter the Great St. Petersburg Polytechnic University ទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី​។​

​បើតាម​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី និស្សិត​ទាំងពីរ​បានបញ្ចប់​ការសិក្សា ជំនាញ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល​ជំនា​ន់ទី​០១ នៃ​គម្រោង​អភិវឌ្ឍ​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អាចឈាន​ទៅ​សម្រេចបាន​ការអភិវឌ្ឍ​វិស័យ​ថាមពលនុយក្លេអ៊ែរ​ស៊ីវិល​នៅ​កម្ពុជា​នាពេលខាងមុខ​។ បច្ចុប្បន្ន​ក្រោម​ការសម្របសម្រួល​រប​ស់​ក្រសួងបរិស្ថាន និស្សិត ៦​រូប​ផ្សេងទៀត បាននិងកំពុង​បន្ត​ការសិក្សា​លើ​ជំនាញ​នេះ​។​

​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​អបអរសាទរ​ជូន​ចំពោះ​លោក កែវ មករា និង​លោក កឹម ចាន់​ប៉ា​លី ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ ជំនាញ Nuclear Power Engineering and Thermal Physics (​ជំនាញ​នុយក្លេអ៊ែរ​ស៊ីវិល​) ដោយ​ជោគជ័យ​ពី​សាកលវិទ្យាល័យ Peter the Great St.Petersburg Polytechnic University ទីក្រុង St.Petersburg សហព័ន្ធរុស្ស៊ី​។ សមាគមនិស្សិត បាន​ជូនពរ​អ្នក​ទាំងពីរ មាន​សុខ​ភាពល្អ​បរិបូរណ៍ សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​បន្ត​ទទួលបាន​ជោគជ័យ​ថ្មីៗ​ទៀត​ក្នុង​ភារកិច្ច​ការងារ​នា​ថ្ងៃ​អនាគត​។​

​សូមបញ្ជាក់ថា ការសិក្សា​ស្រាវជ្រាវ ការអនុវត្ត និង​ការលើកកម្ពស់​ការយល់​ដឹង​អំពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​កម្ពុជា ហេតុដូច្នេះ​បានជា​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ជាមួយ​សាជីវកម្ម​ថាមពលបរមាណូ​រដ្ឋ​រុស្ស៊ី (Rosatom) និង​សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិចិន (CNNC) ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ សម្រាប់​បម្រើឱ្យ​គោលបំណង​សន្តិភាព ក្នុងទិសដៅ​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស ការលើកកម្ពស់​ការយ​ល់​ដឹង​ជា​សាធារណៈ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ក្នុង​វិស័យ​អាទិភាព​ដូចជា​ឧ​ស្សហកម្ម កសិកម្ម វេជ្ជសាស្ត្រ សុវត្ថិភាព​ចំណីអាហារ ថាមពល សំណង់ បរិស្ថាន​ជាដើម​។

​នៅក្នុង​ទិសដៅ និង​កម្មវិធី​ការងារ​វិស័យ​ថាមពលនុយក្លេអ៊ែរ​នៅ​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហព័ន្ធរុស្ស៊ី មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន​នុយក្លេអ៊ែរ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នាពេល​អនាគត​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាជីវកម្ម​នុយក្លេអ៊ែរ​ចិន ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ការលើកកម្ពស់​ការយ​ល់​ដឹង​ជា​សាធារណៈ​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​សម្រាប់​បម្រើឱ្យ​គោលបំណង​សន្តិភាព​ក្នុង​វិស័យ​ឧស្សាហកម្ម វេជ្ជសាស្ត្រ និង​សុខភាព​។​

​ក្នុង​ក្របខណ្ឌ​ការងារ​របស់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៧-២០២៣ ជាមួយ​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) កម្ពុជា​យកចិត្តទុកដាក់​លើ​វិស័យ​អាទិភាព​រួមមាន ការកសាង​ក្របខណ្ឌ​ច្បាប់ សុវត្ថិភាព​នុយក្លេអ៊ែរ និង​ការ​សាយភាយ​កាំរស្មី សុខភាព​មនុស្ស កសិកម្ម ការចិញ្ចឹម​សត្វ សុវត្ថិភាព​ចំណីអាហារ ការគ្រប់គ្រង​ធនធានទឹក ការធ្វើផែនការ​និង​កម្មវិធី​អនុវត្ត​ការងារ​ក្នុង​វិស័យ​ថាមពល កិច្ចការពារបរិស្ថាន ត្រួតពិនិត្យ​និង​ការគ្រប់គ្រង​សំណល់​វិទ្យុសកម្ម ការប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម ការរក្សា​កេរ​មរតក​វប្បធម៌ ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការអប់រំ​ជាដើម​៕

Related posts

Leave a Comment