អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ថា ពុំដែល​បានផ្តល់​សិទ្ធិផ្តាច់មុខ​ដល់​ក្រុមហ៊ុន​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ឡើយ

​ប្រតិកម្ម​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សាយ​ព័ត៌មាន​មួយ​ថា មានការ​អនុញ្ញាតិ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ផ្តាច់មុខ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខាត​ចំណូល​ជិត​១០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ដោយសារ​ទិញ​សាច់ជ្រូក​ក្នុងតម្លៃ​ថ្លៃ​សម្រាប់​បរិ​ភាគ​ប្រចាំថ្ងៃ​។​


​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅថ្ងៃនេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​លើកឡើងថា នៅពេល​ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ពិនិត្យឃើញថា មាន​សារព័ត៌មាន​មួយចំនួន បាន​ចុះផ្សាយ​អត្ថបទ​ខុសពី​ការពិត ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​ជ្រូក​នៅ​កម្ពុជា ដោយ​អះអាងថា ការផ្សាយ​នោះ មិនបាន​សិក្សា​បានច្បាស់លាស់ ធ្វើឱ្យ​សាធារណជន​មានការ​យល់ច្រឡំ មកលើ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​


​ឆ្លើយតប​ចំពោះ​ករណីនេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​បញ្ចាក់​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ចុះ​ថ្ងៃអាទិត្យ ទី​១៨ ខែកក្កដា នេះ​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏ដូចជា​ក្រសួងកសិកម្ម រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ពុំដែល​បានផ្តល់​សិទ្ធិផ្តាច់មុខ​ដល់​ក្រុមហ៊ុន​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ឡើយ ពោល​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​ធ្វើ​ពាណិជ្ជកម្ម​នាំចូល​ជ្រូក​រស់​អាចដាក់​ពាក្យស្នើសុំ ដោយ​ត្រូវបំពេញ តាម​វិធានការ​ដែលជា​ការតម្រូវ​ឱ្យ​អនុវត្ត​នីតិវិធី និង​វិធាន​បច្ចេកទេស​ចំនួន​១២​ចំណុច រវាង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍ ការចិញ្ចឹម​សត្វ (DLD) នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ ហើយ​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចំនួន​០៦ ដែល​កំពុង​ទទួលបាន​គោលការណ៍​នាំ​ជ្រូក​រស់​ចូលមក​កម្ពុជា និង​មាន​ចំនួន​៤ ក្រុមហ៊ុន​ទទួល​គោលការណ៍​នាំ​ឆ្លងកាត់​។​


​បើតាម​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ប្រជាជន​កម្ពុជា​ក៏បាន​ដឹង​ទាំងអស់គ្នា​ថា ប្រទេសជិតខាង​យើង​ក៏បាន​នឹង​កំពុង​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ខ្លាំងក្លា ដែល​ធ្វើឱ្យ​បាត់បង់​ទីផ្សារ​ក្នុងស្រុក​របស់ខ្លួន ហើយ​បានធ្វើឱ្យ​មានការ​កកស្ទះ​នូវ​ផលិតផល​សត្វ ហើយ​ទន្ទឹមនឹងនេះ​ក៏មាន​ឈ្មួញ​ខិលខូច​មួយចំនួន​តូច​បាន​ប្រើប្រាស់​កលល្បិច​គ្រប់យ៉ាង ដើម្បី​មានឱកាស​យក​ផលិតផល​កកស្ទះ​ពី​ស្រុក​គេ​មកចាក់​នៅ​កម្ពុជា ដោយ​មិនបាន​គិតពី​ការប៉ះពាល់​ដល់ ការខាតបង់​របស់​អ្នកវិនិយោគ​នៅ​កម្ពុជា និង​ពី​សុខភាព​សាធារណៈ​ឡើយ​។ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បញ្ជាក់ថា ថ្លៃដើម​ផលិត​ជ្រូក​សាច់​បាន​ប្រែប្រួល​ក្នុង​រង្វង់​ពី​៧៥០០​រៀល ទៅ ៩០០០​រៀល ក្នុង​មួយ​គីឡូក្រាម​មុន​វិបត្តិ​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​ថ្លៃដើម​លិ​ត​ជ្រូក​សាច់រ​ស់បាន​កើនឡើង​ប្រមាណ​ពី​១០៥០០​រៀល ទៅ​១២ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ការប្រែប្រួល​ថ្លៃដើម​ផលិត​ជ្រូក​សាច់​នេះ ដោយសារ​តម្លៃ​វត្ថុធាតុដើម ដូចជា ពោត ដំឡូង​ក្រៀម កាក​សណ្ដែកសៀង ម្សៅ​ត្រី និង​សារធាតុ​បន្ថែម​សម្រាប់​ផ្សំ​ចំណី​សត្វ​បាន​កើនឡើង ប្រមាណ​ពី​២០ ទៅ​៣០ ភាគរយ​។ ដោយឡែក​តម្លៃ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​កើនឡើង​ប្រមាណ​៣​ដង​។ ម្យ៉ាងទៀត កូនជ្រូក​ពូជ​សាច់​ក៏បាន​ឡើងថ្លៃ​ពី​៧០ ទៅ​១០០​ដុល្លារ​ក្នុង​មួយ​ក្បាល ព្រមទាំង​ការចំណាយ​បន្ថែម​លើ​ការលើកកម្ពស់​ជីវ​សុវត្ថិភាព​នៅ​កន្លែង​ចិញ្ចឹមសត្វ ដើម្បី​ការពារ​ជំងឺឆ្លង​សត្វ ជាពិសេស​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។​


​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បញ្ជាក់ដែរថា បើទោះបី​នៅ​កម្ពុជា​កំពុងស្ថិត​ក្នុងស្ថានភាព​ជួប​វិបត្តិ​សកល​ជំងឺ​កូ​វីដ​១៩ ក៏​តម្លៃ​ជ្រូក​រស់ក្នុង​ស្រុក​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះឡើយ គឺ​ស្ថិតនៅក្នុង​ចន្លោះ​ពី​១២៥០០​រៀល ទៅ​១៣៦០០ រៀល​ក្នុង​មួយ​គីឡូក្រាម អាស្រ័យ​ទៅតាម​តំបន់​នីមួយៗ ហើយ​តម្លៃ​ជ្រូក​សាច់​នាំចូល​បាន​លក់​ថោក​ជាង ចន្លោះ​ពី​១០០​រៀល​ទៅ​២០០​រៀល ក្នុង​មួយ​គីឡូក្រាម ពី​ជ្រូក​សាច់​រស់ក្នុង​ស្រុក​។ ចំពោះ​តម្លៃ​សាច់ជ្រូក​នៅលើ​ទីផ្សារ​បាន​ប្រែប្រួល​ចន្លោះ​ពី​២៣៥០០​រៀល ទៅ ២៦៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​ដោយសារ​ស្ថិរភាព​ថ្លៃ​ជ្រូក​សាច់​រស់​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើឱ្យ​ផលិតកម្ម​ជ្រូក​មានការ​កើនឡើង សមាជិកសមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បានធ្វើការ​បោះទុន​វិនិយោគ​បន្ថែម​លើ​ការចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ពាណិជ្ជកម្ម​កាន់តែ​ធំ និង​ទំនើប​។


​ជាក់ស្ដែង​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២១​នេះ ការសុំ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មាន​ចំនួន​៦១​កន្លែង ក្នុងនេះ​មាន​កសិដ្ឋាន​ចិញ្ចឹម​ពូជ​ជ្រូក​ចំនួន​៧​កន្លែង និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់​ចំនួន​៥៤​កន្លែង ហើយ​ការ​នាំចូល​ពូជ​ជ្រូក​មេបា​ចំនួន​១៦៤០០​ក្បាល និង​កូនជ្រូក​ពូជ​ចំនួន​៧៨២៥០​ក្បាល​។ ការផ្គត់ផ្គង់​ជ្រូក​សាច់​រស់នៅក្នុង​ស្រុក​បាន​រហូតដល់​៨៥​ភាគរយ លទ្ធផល​ដ៏​ល្អ​នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​ជំនាញ ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​តែងតែ​ពិភាក្សា​រិះរក​ដំណោះស្រាយ​សមស្រប ដើម្បី​លើកទឹកចិត្ត​ដល់​ការចិញ្ចឹម​ជ្រូក​ក្នុងស្រុក ឆ្លើយតប​តម្រូវការ​ទីផ្សារ និង​ឈាន​ឆ្ពោះទៅ​ការនាំចេញ​នៅពេល​ខាងមុខ​ដ៏​ខ្លី​។


​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​អះអាងថា រហូតមកដល់​ពេលនេះ សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏ដូចជា​ប្រជាកសិករ អ្នក​ចិញ្ចឹមសត្វ​បាន​សាទរ គាំទ្រ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​បាន​យកចិត្តទុកដាក់​រក្សាបាន​នូវ​ស្ថិរភាព​តម្លៃ​ជ្រូក​រស់ និង​ធ្វើឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​មាន​ឆន្ទៈ​ក្នុង​ផលិត​ជា​បន្តទៀត​៕

​​

Related posts

Leave a Comment