ផឹកទឹក​ក្រោយ​ភ្ញាក់​ពី​គេង​ភ្លាម ជួយ​កម្ចាត់​ជាតិពុល​ពី​រាងកាយ​

ការ​គេង​អស់​ពេល​ប្រាំមួយ​ទៅ​ប្រាំបី​ម៉ោង​ក្នុង​មួយ​យប់ ជា​ពេលវេលា​មួយ​ដែល​រាងកាយ​យើង​មិនបាន​ទទួល​ជាតិ​ទឹក​បន្ថែម​នោះទេ​។ ការផឹក​ទឹក​មួយ​កែវ​ក្រោយពី​ភ្ញាក់​ពី​គេង​ភ្លាម​នឹង​ជួយ​បំពេញ​ជាតិ ទឹក​ដល់​រាងកាយ ក៏ដូចជា​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ និង​ប្រយោជន៍​ផ្សេងៗ​ទៀត​។​

១. ជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​កម្ចាត់​ជាតិពុល​៖ ការ​ផឹកទឹក​ភ្លាមៗ​ក្រោយ​ភ្ញាក់​ពី​គេង​មិនបាន​ជួយ​អ្វី​ច្រើន​ដល់​ការដុត​កាឡូរី​នោះទេ តែ​វា​ពិតជា​បាន​ជួយ​ដល់​ដំណើរការ​មេ​តា​ប៉ូលិស​ក្នុង​រាងកាយ ឲ្យ​ដំណើរការ​បានល្អ​។​
​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បានលើកឡើង​ថា​ក្រៅពី​ការបំពេញ​ជាតិ​ទឹក​ឲ្យ​រាងកាយ ការ​ញ៉ាំ​ទឹក​មួយ​កែវ​ក្រោយ​ភ្ញាក់​ពី​គេង ក៏​ជួយ​កម្ចាត់​បាក់តេរី​អាក្រក់​ចេញពី​ប្រព័ន្ធ​រំលាយ​អាហារ​ដែរ​។ ការណ៍​នេះ​នឹងធ្វើ​ឲ្យ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​លូតលាស់​បានល្អ​។ ក្រៅពីនេះ ការផឹក​ទឹក​ក៏​ជួយ​ឲ្យ​យើង​បត់ជើងតូច​ច្រើន និង​បទ​ជើង​ធំ​បាន​ច្រើន​ដែរ ដែល​អ្វី​ទាំងនេះ​ជា​វិធី​បញ្ចេញ​កាកសំណល់​ពី​រាងកាយ​។ ការបញ្ចេញ​កាកសំណល់​ពី​រាងកាយ គឺជា​ការ​កម្ចាត់​ជាតិពុល​ពី​ប្រព័ន្ធ​រំលាយ​អាហារ​។​


២. ជួយ​ពង្រឹង​ភាពស្វាហាប់​៖ ពេល​យើង​មាន​អារម្មណ៍​អស់កម្លាំង គ្មាន​ថាមពល​ក្នុង​ខ្លួន អាចមកពី​យើង​ខ្វះ​ជាតិ​ទឹក​។ ជាតិ​ទឹក​ជួយ​គ្រប់គ្រង​ដំណើរការ​រាងកាយ និង​ខួរក្បាល​។ ដូចគ្នា​ដែរ ជាតិ​ទឹក​ក៏​ជួយ​រក្សា​លំនឹង​ផ្នែក​អារម្មណ៍​ផងដែរ​។ បន្ទាប់ពី​មិនមាន​អ្វី​ចូល​ពោះ​អស់​ជាច្រើន​ម៉ោង ការ​ញ៉ាំ​អ្វី​ចូល​ពោះ​ដំបូង​គេ​នឹង​ពញ្ញាក់​ដល់​រាងកាយ ហើយ​ការផឹក​ទឹកនឹង​ជួយ​ជំរុញ​ដល់​ភាពស្វាហាប់​របស់​យើង​។​


៣. ផ្ដល់​ថាមពល​ដល់​ខួរក្បាល​៖ ផឹកទឹក​ភ្លាម​ក្រោយ​ភ្ញាក់​ពី​គេង ក៏​ជួយផ្ដល់​ថាមពល​ដល់​ខួរក្បាល​ដែរ​។ ខួរក្បាល​យើង​កើតឡើង​ពី​ជាតិ​ទឹក​រហូតដល់​៧៣​ភាគរយ ដូចនេះហើយ​បានជា​ការរក្សា​ជាតិ​ទឹកបាន​គ្រប់គ្រាន់​ចាំបាច់​ក្នុង​ការជួយ​ឲ្យ​ខួរក្បាល​ដំណើរការ​បានល្អ​។​

៤. ការពារ​ជំងឺ​៖ ពេល​យើង​កំពុង​គេង រាងកាយ​ក៏​ចាប់ផ្ដើម​ជួសជុល​ឡើងវិញ និង​ស្ដារ​អារម្មណ៍​ឡើងវិញ​ដែរ​។ អំឡុងពេល​គេង ប្រព័ន្ធ​ភាពស៊ាំ​ក៏​ពិបាក​ក្នុងការ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​។ ការផឹក​ទឹកបាន​គ្រប់គ្រាន់ អាចជួយ​បង្កើនល្បឿន​ដំណើរការ​រាងកាយ​ឲ្យ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​។


​ក្រៅពី​ខួរក្បាល ការបំពេញ​ជាតិ​ទឹក​ក៏មាន​ប្រយោជន៍​ដល់​បេះដូង តម្រងនោម និង​សួត​។ កាលណា​អ្វី​ទាំងនេះ​មាន​សុខភាព​ល្អ ដំណើរការ​បានល្អ នោះ​រាងកាយ​ក៏មាន​សុខភាព​ល្អ មិន​ឈឺ​ដូចគ្នា​ដែរ​៕ “Hello គ្រូពេទ្យ​”

Related posts

Leave a Comment