CPP ផ្សព្វផ្សាយ​លទ្ធផល​សន្និសីទ​កំពូល​រវាងបក្ស​កុម្មុយនីស្ត​ចិន និង​បក្សនយោបាយ​លើ​ពិភពលោក​

គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល នៃ​ការចូលរួម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅក្នុង​សន្និសីទ​កំពូល​រវាង​គ​ណ​បក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ លើ​ពិភពលោក តាម​ប្រព័ន្ធ​វីដេអូ កាលពី​យប់​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ ហើយ​បើតាម​លទ្ធផល កិច្ចប្រជុំ​នោះ​សម្រេចបាន​លទ្ធផល​ច​ចំនួន​៣​ចំណុច​។​

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​សន្និសីទ​កំពូល​រវាង​គ​ណ​បក្ស​កុម្មុយនីស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក​តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្រោម​ប្រធានបទ “​ការធ្វើការ​ដើម្បី​សុភមង្គល​ប្រជាជន ទំនួល​ខុសត្រូវ​របស់​គណបក្សនយោបាយ​” សន្និសីទ​កំពូល​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​គណៈប្រតិភូ​ជាង​១០,០០០​នាក់ តំណាងឱ្យ​គណបក្សនយោបាយ និង​អង្គការ​ជាង​៥០០​មកពី​១៦០​ប្រទេស​។ លោក​ប្រធានាធិបតី ចិន ស៊ី ជីន​ពីង ដែលជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​កណ្តា​លប​ក្ស​កុម្មុយនីស្ត​ចិន បាន​ថ្លែង សុន្ទរកថា​គន្លឹះ​នៅក្នុង​សន្និសីទ​កំពូល​នេះ​។​

​សន្និសីទ​កំពូល​នេះ​គឺ ជា​ព្រឹត្តិការណ៍​ការទូត​ពហុភាគី​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​ត្រូវបាន រៀបចំឡើង​នៅពេល ដែល​គណបក្ស​កុម្មុយនីស្ត​ចិន​ប្រារព្ធ​ខួប​១០០​ឆ្នាំ​របស់ខ្លួន​។ សន្និសីទ​កំពូល​នេះ មានបំណង​ពង្រឹង​ការផ្លាស់ប្តូរ​គ្នា និង​ការរៀនសូត្រ​ទៅវិញទៅមក​នូវ​បទពិសោធន៍​នៃ​អភិបាល កិច្ច​រវាង​គណបក្ស​កុ​ម្មុនី​ស្ត​ចិន និង​គណបក្សនយោបាយ​លើ​ពិភពលោក រួមគ្នា​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​១​សតវត្ស​កន្លងមកនេះ រួមទាំង​ជម្ងឺ​រាតត្បាត​សកល​កូ​វីដ​១៩ ជំរុញ​ទស្សន​វិទ្យា និង​សមត្ថភាព​ក្នុងការ​ស្វែងរក​សុភមង្គល​ជូន​ប្រជាជន ជំរុញ​ការអភិវឌ្ឍ និង​សន្តិភាព​ពិភពលោក ព្រមទាំង​លើកកម្ពស់​ការកសាង​សហគមន៍​វាសនា​រួមមួយ​សម្រាប់​មនុស្សជាតិ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅក្នុង​សន្និសីទ​កំពូល​នេះ ដោយបាន​លើកឡើង​អំពី​សារៈ សំខាន់​នៃ​ស្ថេរភាព​នយោបាយ សមភាព​អធិបតេយ្យភាព ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង សាមគ្គីភាព​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការស្ដារ​សង្គម​សេដ្ឋកិច្ច​ក្រោយ​ជម្ងឺ កូ​វីដ​-១៩​។ សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់ដែរថា ជំនួយ​របស់​ចិន​មិន​ត្រឹមតែ​ជួយ​ដល់​ការអភិវឌ្ឍ​របស់ កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​បាន​ជួយ​ពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា​ផងដែរ​។​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ដល់​គណ​បក្ស​កុម្មុយនីស្ត​ចិន ដែល​បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០០​ឆ្នាំ នៃ​ការបង្កើត​គណបក្ស​កុម្មុយនីស្ត​ចិន ដែលជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ក្នុងអំឡុងពេល​ដ៏​សំខាន់​នេះ​។​

​សន្និសីទ​កំពូល​នេះ សម្រេចបាន​លទ្ធផល​សំខាន់ៗ ដូចខាងក្រោម​៖ ទី​១, សន្និសីទ​កំពូល​នេះ​បានស្នើ​ឱ្យ​គណបក្សនយោបាយ​នៅតាម​បណ្តា​ប្រទេស​ទាំងអស់ ប្ដេ​ជ្ញ​ចិត្ត​ក្នុង​ការកសាង​គុណ​តម្លៃ​រួមគ្នា រួមមាន​សន្តិភាព ការអភិវឌ្ឍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និង​សេរីភាព​។​

​ទី​២, គណបក្សនយោបាយ​ទាំងអស់ ចាំបាច់​ត្រូវតែ​ចាត់វិធានការ​សកម្ម ដើម្បី​អនុវត្ត​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ​២០៣០ ដើម្បី​សម្របសម្រួល គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​កល​លើ​នវាត្តន៍​បច្ចេកវិទ្យា និង​លើកកម្ពស់​ការចែករំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា​។​

​ទី​៣, គណបក្សនយោបាយ​មក​ពី​បណ្តា​ប្រទេស​ទាំងអស់ ត្រូវ​ប្តេជ្ញា​សម្របសម្រួល​ការផ្លាស់ប្តូ​រ​គ្ន និង​ការរៀនសូត្រ​ទៅវិញទៅមក​លើ​អរិយធម៌ ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​ដ៏​រឹងមាំ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ វិទ្យាសានុវស្ត្រ​និង​បច្ចេកវិទ្យា វប្បធម៌​និង​សិល្បៈ កីឡា ទេសចរណ៍ និង​រវាង​ស្ថាប័ន​ស្រាវជ្រាវ​។​

​សូមបញ្ជាក់ថា សន្និសីទ​កំពូល​នេះ គឺជា​កិច្ចប្រជុំ​ជាន់ខ្ពស់​បំផុត និង​ធំជាងគេ​បំផុត នៃ​គណបក្សនយោបាយ​ពិភពលោក ដែល​បានរៀបចំ​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន ព្រមទាំង​បានរៀបចំ​ក្នុង​ទម្រង់​នៃ​អន្ត​រកម្ម ដ៏​ស្និទ្ធស្នាល និង​កិច្ចសន្ទនា​ដ៏​ស៊ីជម្រៅ​៕

Related posts

Leave a Comment