អបអរសាទរ​ខួប​លើក​ទី​១៣ នៃ​ការចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​

​ថ្ងៃនេះ គឺជា​ខួប​លើក​ទី​១៣ នៃ​ការចុះបញ្ជី “​ប្រាសាទព្រះវិហារ​” ជា​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២១) ហើយ​ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ នា​ថ្ងៃទី​១៥​ខែមិថុនា ឆ្នាំ​១៩៦២​។​

​យោងតាម​ឯកសារ​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ប្រាសាទព្រះវិហារ ជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។

​ប្រា​សា​ព្រះវិហារ ជា​ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ស្ថិតនៅលើ​ភ្នំ​ដងរែក មាន​កម្ពស់​៦២៥​ម៉ែត្រ ធៀប​ផ្ទៃ​ទឹកសមុទ្រ ក្នុងភូមិ​សាស្ត្រ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ ខាងជើង​ទីក្រុង​ព្រះវិហារ និង​ប្រមាណ​២៣០​គីឡូម៉ែត្រ ភាគ​ឦសាន នៃ​ក្រុង​សៀមរាប និង​ប្រមាណ​៤១៤ គីឡូម៉ែត្រ ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​។ ប្រាសាទ​នេះ​ត្រូវបាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ សម្រេច​ដាក់បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​។​

​ក្នុង​បុព្វហេតុ​លើក​តម្លៃ​មរតក​វប្បធម៌​ជាតិ និង​ការពារ​អធិប​តយ្យ​ភាព​ជាតិ​ឱ្យបាន​គង់វង្ស សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើលិខិត​ទៅ​អង្គការ​យូណេស្កូ ឆ្នាំ​២០០១ ដើម្បី​ស្នើសុំ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការដាក់​ប្រសាទ​ព្រះវិហារ ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺធ្វើឡើង​តាម​ផែន​ការដែល​គ្រោងទុក ដែលជា​អាទិភាព នៃ​គោលនយោបាយ​បរទេស​របស់​កម្ពុជា​។ មួយឆ្នាំ​ក្រោយមក​អង្គការ​យូណេស្កូ បាន​ឆ្លើយតប​ប្រកបដោយ​ភាព​វិជ្ជមាន ក្នុង​ការជួយ​រៀបចំ​ឯកសារ​សម្រាប់​ដា​ក់​បញ្ចូល​ប្រាសាទព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​។ នៅ​ឆ្នាំ​២០០៦ គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក បាន​ឯកភាព​ទទួលយក​សំណើ​របស់​កម្ពុជា ហើយ​បាន​បញ្ជូន​ក្រុមការងារ​ជំនាញ​បានមក​ឃើញ​ស្ថានភាព​ប្រាសាទ​ក្នុង​ឆ្នាំ​២០០៧​។​

​ការដែល​អង្គការ​យូណេស្កូ​សម្រេច​ដាក់​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក គឺជា​ជោគជ័យ​ដ៏​មហាសាល​របស់​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងការ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ បន្ទាប់ពី​ទាមទារ​សិទ្ធិ​ក្នុងការ​គ្រប់គ្រង​ឡើងវិញ​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​។ ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នេះ បាន​នាំមក​នូវ​ក្តី​អំណរ​សាទរ និង​ក្តីរំភើប​រីករាយ​ឥតឧបមា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​កម្ពុជា រួមទាំង​នៅក្រៅ​ប្រទេស​ផង បាននាំគ្នា​ស្រែក​ជ័យ​ឃោស ដុត​ទៀន​ទូងស្គ ប្រគំ​តន្ត្រី​ជាដើម​។​

​ទម្រាំ​នឹង​បានដាក់​បញ្ចូល​ប្រាសាទ​ប្រាសាទព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បាន​ប្រឹងប្រែង​តស៊ូ​មតិ​ជាខ្លាំង ដ្បិតថា​ការស្នើ​ដាក់​ព្រះ​សាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​មានការ​រារាំង​ពី​ភាគី​ថៃ ដែលមាន​មហិច្ឆតា​ចង់​លេប​យក​ប្រាសាទព្រះវិហារ ដែល​គេ​ធ្លាប់​គ្រប់គ្រង​ពី​អតីតកាល​អស់​ជាច្រើន​ឆ្នាំ​នោះ​។ រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ដែលមាន​បេសកជន​ពិសេស​ដូចជា​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ខិតខំ​រៀបចំ​ឯកសារ រួម​និង​បែបបទ​ជាច្រើន​ទៀត​បំពេញ​តាម​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ​។​

​ជោគជ័យ​របស់​កម្ពុជា បាន​នាំមក​នូវ​ភាពឈឺចាប់​ជា​ពន់ពេក​សម្រាប់​ជនជាតិ​ថៃ​។ បន្ទាប់ពី​ប្រាសាទ​ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ថៃ​បាន​លើកទ័ព​ចូលមក​ឈ្លានពាន​ទឹកដី​កម្ពុជា​នៅ​តំបន់​ប្រាសាទព្រះវិហារ​ថែមទៀត​។ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ខេមរបុត្រ​ដែលមាន​ចិត្ត​មុះ​មុត​ក្នុងការ​ការពារជាតិ និង​ទឹកដី​នោះ បាន​ប្រឹងប្រែង​តស៊ូ​ទប់ទល់​គ្រប់​មធ្យោបាយ​ទាំង​មធ្យោបាយ​កម្លាំងប្រដាប់អាវុធ និង​មធ្យោបាយ​ច្បាប់​អន្តរជាតិ រហូត​ការពារ​សម្បត្តិ​ដ៏​មានតម្លៃ​របស់​កម្ពុជា​នេះ​មិន​ឲ្យ​បាត់បង់​នោះឡើយ​។​

​ជោគជ័យ​មួយទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការតស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ​នោះ គឺ​ការទាមទារ​ឱ្យ​តុលាការអន្តរជាតិ​ទីក្រុង​ឡាអេ​បកស្រាយ​ឡើងវិញ​នូវ​សាលដីកា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ ជា​លទ្ធផល​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​យល់ស្រប​តាម​សំណើ​របស់​កម្ពុជា ដោយបាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់ ដែល​តម្រូវឱ្យ​ភាគី​ទាំងពីរ​ដកទ័ព​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ទំហំ ១៧,៣​គីឡូម៉ែត្រ​ក្រឡា ព្រមទាំង​បាន​ឯកភាព​ទទួល​ពិនិត្យ​លើ​សំណើ​របស់​កម្ពុជា​សូម​ឲ្យ​បក​ស្រា​សាលដីកា ឆ្នាំ​១៩៦២​នេះ​។​
​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ បានសម្រេច​រក្សា​សេចក្តីសម្រេច​ឆ្នាំ​១៩៦២ ដែល​ប្តឹង​ដោយ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដោយ​បញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជា​របស់​សម្បត្តិ​រប​ស់​កម្ពុជា​។ ការសម្រេច​នេះ គឺ​ជោគជ័យ​ដ៏​ធំ​របស់​ជាតិ​កម្ពុជា​ទាំងមូល ក្នុងការ​ប្រឹងប្រែង​រក្សា​ឲ្យ​បាន​នូវ​ទ្រព្យសម្បត្តិ​របស់​កម្ពុជា​ដែល​បន្សល់ទុក​ដោយ​ដូនតា ដូចដែល​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​បង្ហាញ​ជំហរ​យ៉ាង​ម៉ឹងម៉ាត់​ថា មិន​អនុញ្ញាត​ឲ្យ​នរណា​មក​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​សូម្បី​តែមួយ​មិល្លីម៉ែត្រ​នោះឡើយ​។​

​ដើម្បី​អបអរសាទរ​ចំពោះ​ជោគជ័យ​ដ៏​ធំធេង​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃទី​១០ ខែកក្កដា ជា​ទិវា​ជាតិ នៃ​ការចងចាំ​ចំពោះ​ការដាក់​ប្រាសាទព្រះវិហារ រួម​និង​ប្រាសាទសំបូរព្រៃគុក​ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ណែនាំ​ឱ្យ​រៀបចំ​ពិធី​អបអរសាទរ​នេះ​ឱ្យបាន​អធិកអធម​ថែម​ទៀតផង​៕

Related posts

Leave a Comment