ព្យាបាល​អ្នកជំងឺ​កូ​វីដ​កម្រិត​ស្រាល​នៅផ្ទះ ប្រើ​ថ្នាំ​អី​ខ្លះ និង​ថែទាំ​សុខភាព​បែបណា​ទើប​ឆាប់​ជា​?

កាលពីពេល​កន្លងទៅ​ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឲ្យ​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល ព្យាបាល​នៅតាម​ផ្ទះ​បាន ដោយ​ចេញ​ជាគោលការណ៍​មួយចំនួន​សម្រាប់​ការព្យាបាល ហើយ​ដើម្បី​ជា​ជំនួយ​ដល់​អ្នកជំងឺ និង​អ្នក​ថែទាំ​អ្នកជំងឺ​កូ​វីដ​១៩ នៅតាម​ផ្ទះ ថ្មីៗ​នេះ​ក្រសួងសុខាភិបាល​កម្ពុជា បាន​ផលិត​ជា​វីដេអូ​អប់រំ អំពី​កម្រិត​នៃ​ការប្រើប្រាស់​ថ្នាំ​ក្នុងការ​ព្យាបាល និង​ការថែទាំ​សុខភាព​អ្នកជំងឺ​កូ​វីដ​១៩ ឲ្យ​ឆាប់​ជាសះស្បើយ​។​


​ក្នុង​វី​អេ​ដូ​អប់រំ​ពី​ការព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ កម្រិត​សម្រាល​នៅតាម​ផ្ទះ របស់​ក្រសួងសុខាភិបាល​បាន​បែងចែក​ប្រភេទ​ជំងឺ​កូ​វីដ​១៩ កម្រិត​ស្រាល​ជា​២​ប្រភេទ​ទៀត គឺ​ករណី​មាន​រោគសញ្ញា និង​គ្មាន​រោគសញ្ញា​។​

​ទី​១. ករណី​គ្មាន​រោគសញ្ញា​៖ គ្មាន​ក្អក កម្តៅ​ក្រោម​៣៧.៥ អង្សា​សេ គ្មាន​ហៀរ​សម្បោរ គ្មាន​ឈឺបំពង់ក សភាព​ទូទៅ​ធម្មតា ករណីនេះ ពុំ​ចាំបាច់​ប្រើ​ថ្នាំ​ព្យាបាល​ទេ​។​

​ទី​២. ករណី​មាន​រោគសញ្ញា​ស្រាល​៖ ឡើងក​ម្តៅ​លើស ៣៧.៥ អង្សា​សេ ឈឺ​សាច់ដុំ ឈឺបំពង់ក និង​ក្នុងករណី​មាន​រោគសញ្ញា​បន្ថែម ដូចជា តឹង​ច្រមុះ ហៀរ​សម្បោរ ឬ​ក្អក (​មាន ឬ​មិនមាន​ស្លេស្ម​) តម្រូវ​ឲ្យ​ប្រើ​ថ្នាំ​។​

– ការព្យាបាល​មនុស្សពេញវ័យ ឬ​កុមារ ដែលមាន​ទម្ងន់​ចាប់ពី​៣០​គីឡូក្រាម​ឡើង ត្រូវ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​៥០០​មិ​ល្លី​ក្រាម លេប ៣​ដង​/​ថ្ងៃ​។​

– កុមារ​ទម្ងន់ ២០-២៩ គីឡូក្រាម ត្រូវ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ៣០០​មិ​ល្លី​ក្រាម លេប ៣​ដង​/​ថ្ងៃ​។​

– មនុស្សពេញវ័យ ឬ​កុមារ អាយុ​ចាប់ពី​អាយុ ៦​ឆ្នាំ​ឡើង ប្រើ​ប្រូ​ម៉ិច​ស៊ីន (Bromhexine) ៨ មិ​ល្លី​ក្រាម ៣​ដង​/​ថ្ងៃ ឬ សេ​ទី​រី​ហ្ស៊ី​ន (Cetirizine) ១០ មិ​ល្លី​ក្រាម ១​ដង​/​ថ្ងៃ​។​

​បន្ថែម​ពី​នោះ អ្នកជំងឺ​ត្រូវអនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុង​រយៈពេល​ព្យាបាល​នៅតាម​ផ្ទះ ដោយ​ត្រូវ​ស្នាក់នៅ​បន្ទប់​ដាច់ដោយឡែក មាន​អនាម័យ និង​មាន​ខ្យល់​ចេញចូល​ល្អ ត្រូវ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​អាល់កុល និង​រក្សា​គម្លាត​យ៉ាងតិច ២​ម៉ែត្រ​។ ម្យ៉ាងវិញទៀត អ្នកជំងឺ​ត្រូវ​បរិភោគ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ មាន​សាច់ បន្លែ និង​ផ្លែឈើ ហើយ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ត្រូវ​តាមដាន​សុខភាព​ខ្លួន​ឲ្យ​បាន​ទៀងទាត់​ជាប្រចាំ ថែរក្សា​សុខភាព​ផ្លូវចិត្ត និង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ដោយ​ត្រូវ​ហាម​ជក់បារី និង​ផឹកស្រា​។​

​បើតាម​តួលេខ​ពី​មន្ទីរ​សុខាភិបាល​រាជធានី គិត​ត្រឹម​ថ្ងៃទី​០៦ កក្កដា ២០២១ នៅ​រាជធានី​ភ្នំពេញ​មាន​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ជាង​៤០០​នាក់ បាន​ព្យាបាល​នៅតាម​ផ្ទះ ក្នុងនោះ ជិត​៣០០ នាក់​បាន​សះស្បើយ និង​ជាង​១០០​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅឡើយ​៕ Hello គ្រូពេទ្យ​

Related posts

Leave a Comment