ពលរដ្ឋ​កុំ​ព្រួយ​អត់​វ៉ាក់សាំង ! រសៀល​នេះ មកដល់​១​លាន​ដូ​ស​បន្ថែម​ទៀតហើយ

​វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​ហ្វា​ម (Sinopharm) របស់​ប្រទេស​ចិន​ចំនួន​១​លាន​ដូ​ស​ទៀត បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅវេលា​ម៉ោង​ប្រមាណ​ជិត​២​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ នេះ តាម​ជើងយន្តហោះ AIR CHINA ។​

​សូមបញ្ជាក់ថា វ៉ាក់សាំង​១​លាន​ដូ​ស ដែល​បាន​ដឹក​មកដល់​កម្ពុជា​នៅថ្ងៃនេះ គឺជា​វ៉ាក់សាំង​ជើង​ទី​៧​ហើយ ខណៈ​ជើង​ទី​១ មាន​ចំនួន​១.៥​លាន​ដូ​ស ត្រូវបាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៦ ខែមីនា​, ជើង​ទី​២ មាន​ចំនួន​៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមេសា និង​ជើង​ទី​៣ មាន​ចំនួន​៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា​ថ្ងៃទី​១១ ខែឧសភា និង​ជើង​ទី​៤ មាន​ចំនួន ៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​ថ្ងៃទី​១៦ ខែឧសភា និង​ជើង​ទី​៥ មាន​ចំនួន​១​លាន​ដូ​ស ដឹក​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃទី​២៣ ខែឧសភា ជើង​ទី​៦ បាន​មកដល់​កាលពី​ថ្ងៃ​អង្គារ ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ ចំនួន​១​លាន​ដូ​ស ក្នុងនោះ Sinovac Vaccine ចំនួន​៥០​ម៉ឺន​ដូ​ស និង Sinopharm Vaccine ចំនួន​៥០​ម៉ឺន​ដូ​ស​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ គិតពី​ត្រឹម​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ មកដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង​៦​លាន​ដូ​ស​រួចហើយ​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។​

​តាម​គម្រោង រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង ប្រមាណ​១៣​លាន​នាក់ ត្រូវ​នឹង​វ៉ាក់សាំង​ប្រមាណ​២៦​លាន​ដូ​ស​។ នៅក្នុង​ខែមិថុនា នេះ វ៉ាក់សាំង​ប្រមាណ​៤.៥​លាន​ដូ​ស បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា ដែលជា​ការជួយ​ឱ្យ​កម្ពុ​ជាមាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ កម្ពុជា​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១​នេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ​២០២២៕

Related posts

Leave a Comment