ផ្អាក​ការងារ​លោក​ស័ក្តិ​៥ នៅ​ស្រុក​កំរៀង ក្រោយពី​រកឃើញ​ពាក់ព័ន្ធ​ករណី​ដោះលែង​មេខ្យល់

​លោក​ប៉ូលិស​​​ស័ក្តិ​៥ មួយរូប ឈ្មោះ គឹម ពន្លក មាន​តួនាទី​ជា​អធិការនគរបាល​ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​ស្នងការ​នគរបាល​ខេត្ត បានសម្រេច​ផ្អាក​ការងារ​ជា​បណ្ដោះអាសន្ន​ក្រោយពី​រកឃើញថា លោក​អធិការ​រូបនេះ​អនុវត្ត​ការងារ​ខុស​នីតិវិធី នេះ​បើ​យោងតាម​លិខិត​បង្គាប់ការ​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

​លិខិត​បង្គាប់ការ​រប​ស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដែល​ចុះហត្ថលេខា​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា “​ត្រូវបាន​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​លោក​វរ​សេនី​យ៏​ឯក គឹម ពន្លក អត្តលេខ​១០១៦៨ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដោយ​មូលហេតុ អនុវត្ត​ការងារ​ខុស​ស​នីតិវិធី​” ហើយ​បើតាម​លិខិត​បង្គាប់ការ​នោះ គឺ​សាមីខ្លួន​ត្រូវ​មក​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី​។

​សូមបញ្ជាក់ថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បានចេញ​បញ្ជា​ដាច់ខាត ឲ្យ​វាយខ្នោះ​លោក​ប៉ូលិស​ស័ក្តិ​៤ ម្នាក់​នៅ​ច្រក​ឡែ​ម (​ស្ថិតក្នុង​កំរៀង​) ប្រសិនបើ​រកឃើញថា លោក​ស័ក​៤ រូបនោះ បាន​ដោះលែង​មេខ្យល់​នាំ​ពលករ​ខុសច្បាប់ ចេញចូល​ប្រទេស​ថៃ និង​គេច​ចេញពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​សមត្ថកិច្ច​នៅតាម​ព្រំដែន​។​

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ករណីនេះ​សម្តេច​បានទទួល​របាយ​ការណ៍​ជាច្រើន​អំពី​ការចេញ ចូល​របស់​ពលករ​នៅ​ច្រក​ឡែ​ម ដោយមាន​ការសហការ​គ្នារ ហើយ​សម្ដេច ក៏​ទទួលបាន​ឯកសារ​ខ្លះ​អំពី​ការស្រាវជ្រាវ​លើ​ករណីនេះ ដែល​បញ្ជាក់ថា មាន​លោក​ស័ក្តិ​៤​ម្នាក់ បាន​ដោះលែង​មេខ្យល់​នាំ​ពលករ​ខ្មែរ​ចេញពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ក្រោយពី​ទាហាន​ចាប់បាន​។ ជាមួយគ្នា​នោះ សម្តេច​បាន​បញ្ជា​ឲ្យ​វាយខ្នោះ​ភ្លាមៗ ប្រសិនបើ​រកឃើញថា លោក​ស័ក្តិ​៤​ម្នាក់ មាន​ពាក់​ករណី​នោះ​មែន​។

​ទាក់ទង​ករណីនេះ យើងមិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​នៅឡើយ​ទេ ប៉ុន្តែ​មាន​ប្រភព​មួយចំនួន​បាន​អះអាងថា ការសម្រេចផ្អាក​​ការងារ​លោក​អធិការ​ស្រុក​កំរៀង​នេះ មាន​ពាក់ព័ន្ធ​ករណី​ដោះលែង​មេខ្យល់ ដែល​នាំ​ពលករ​ខ្មែរ​ចេញចូល​ប្រទេស​ថៃ​ដោយ​សុខ​ច្បាប់​៕


Related posts

Leave a Comment