តំណាង​លោក​ឧត្ដមសេនីយ៍ឯក ស ថេត​ យក​អំណោយ​សមាគម ផ្តល់ជូន​សមាជិក​អតីតយុទ្ធជន​៣៣​គ្រួសារ​

សមាជិក​អតីតយុទ្ធជន​កម្ពុជា សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ចំនួន​៣៣​គ្រួសារ ដែល​កំពុង​ប្រឈម​រង​ផលប៉ះពាល់​ដោយ​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​មានការ​លំបាក​ទទួលបាន​ការឧបត្ថម្ភ​នូវ​អំណោយ​មួយចំនួន​ពី​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​បញ្ហា​ជីវភាព​។

​នៅ​ព្រឹក​ថ្ងៃ​ពុធ ខែកុម្ភៈ ឆ្នាំ​២០២១ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខណ្ឌដង្កោ តំណាង​លោក​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​សមាគម​ចុះ​សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ដល់​បងប្អូន​គ្រួសារ​អតីតយុទ្ធជន​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ក៏បាន​សំណេះសំណាល​ពាំ​នាំនូវ​បណ្តាំ​សាកសួរ​សុខទុក្ខ​របស់​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែលជា​និច្ចកាល​លោក​ប្រធាន​តែងតែមាន​ការគិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​និង​ការរស់នៅ​របស់​បងប្អូន​អតីតយុទ្ធជន​។​
​លោក​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខណ្ឌដង្កោ បានលើកឡើង​ទៀតថា ដោយមាន​ការណែនាំ​និង​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​នាយ​ឧ​ត្ត​ម សេនីយ៍​ទេសរដ្ឋមន្ត្រី​គន់ គីម អគ្គលេខាធិការ នៃ​គណ​:​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល​សមាគម​អតីតយុទ្ធជន​កម្ពុជា​ដែល​ពី​និត្យ​ឃើញ​នៅក្នុង​ណាក់​កាល​ប្រទេស​កម្ពុជា​កំពុង​រងគ្រោះ​ដោយ​ជំងឺឆ្លង​កូ​វីដ​១៩ នាំឱ្យ​ប៉ះពាល់​ជីវភាព រស់នៅ​របស់​បងប្អូន​អតីតយុទ្ធជន ដូចនេះ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា រាជធានី​ភ្នំពេញ​ក៏បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ជា​បន្តបន្ទាប់​ផ្តល់ជូន​បងប្អូន​អតីតយុទ្ធជន​ដើម្បី​ឆ្លើយតប​ក្នុង​ការជួយ​សម្រួល​បញ្ហា​លំបាក​របស់​បងប្អូន​អតីតយុទ្ធជន​។​ការជួយ​ដោះស្រាយ​នៅតែ​បន្ត​ធ្វើជា​បន្តបន្ទាប់​ទៀតផង​ដែរ​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា ក៏បាន​លើក ឡើង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ​គឺ​មិន​បោះបង់​ប្អូន​អតីតយុទ្ធជន​ចោល​នោះទេ​ដែល​តែង​ជួយ​ដោះ ស្រាយ​រាល់​បញ្ហាលំបាករ​បស់បង​ប្អូន​អតីតយុទ្ធជន​។ ជាពិសេស​កន្លងមក​បាន​ដោះស្រាយ ជួយ​កសាង​ផ្ទះ​និង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​បងប្អូន​អតីតយុទ្ធជន​ជាច្រើន​គ្រួសារ គ្មាន​ទីជម្រក​និង​ដីធ្លី​ត្រឹមត្រូវ​ដោយបាន​បញ្ជូន​ឱ្យទៅ​រស់នៅ​ដោយ​ស្ម័គ្រចិត្ត​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ថរ​មានជ័យ​ឱ្យមាន​ទីជម្រក​រស់នៅ​សមរម្យ​និង​មាន​ដីធ្លី​សម្រាប់ធ្វើ​កសិកម្ម​ប្រកបមុខរបរ​ចិញ្ចឹមជីវិត ដើម្បី​ជាការ​តបស្នង​សងគុណ​ចំពោះ​បងប្អូន​ដែលមាន​គុណបំណាច់​ដ៏​ធំធេង​ធ​ដែល​បាន​ចូលរួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលនាំឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព ស្ថិរភាព និង​មានការ​អភិវឌ្ឍន៍​រហូត​ដល់​បច្ចុប្បន្ននេះ​។​

​ក្នុងឱកាស​នោះដែរ​ក៏បាន​ផ្សព្វផ្សាយ​ដល់​ពួកគាត់​ពី​វិធាន​របស់​ក្រសួងសុខាភិបាល​ក្នុង​ចូលរួម​ទប់ស្កាត់​កុំ​ឱ្យមាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលទៅ​ដល់​សហគម​ហើយ​ត្រូវ​នាំគ្នា​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​ឧបត្ថម្ភ​ជូន​រួមមានៈ​ក្នុង​០១​គ្រួសារ​ទទួលបាន​ទឹកស៊ីអ៊ីវ ០១​យួរ ,​មី​០១​កេស​,​ទឹក​សុទ្ធ​០១​កេស​,​អាវ ០១ សា​រ៉ុង ០១ ក្រ​ម៉ា ០១​និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​៕​

Related posts

Leave a Comment