សម្តេច​តេ​ជោ ហ៊ុន សែន ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ “​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំ​ភ្នែ​ការពិត​” និង​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

​ការលើកឡើង​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សារលិខិត​ផ្ញើជូន​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​ស្តីពី “​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​” ដែល​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០​។​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​ស្តីពី “​តួនាទី​សារព័ត៌មាន ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ ” គឺ​ពិត​ជាមាន​សារសំខាន់ និង​សម​ស្របតាម​ការវិវត្ត នៃ​សភាពការណ៍​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន ដែល​សកលលោក​ទាំងមូល​បាននិងកំពុង​ប្រឈម​ទៅនឹង​ការ រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​ជំងឺឆ្លង​សកល​ដ៏​កាច​សាហាវ ដែល​រហូតមក​ដល់ពេលនេះ បាន​បង្ក​គ្រោះមហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សកល​សុខភាព​សាធារណៈ និង​បាន​ឆក់យក​អាយុជីវិត​មនុស្ស​នៅ​ទូទាំង​សកលលោក អស់​ជិត​២​លាន​នាក់ ហើយ​មនុស្ស​ជាង​៥៩​លាន​នាក់​ទៀត កំពុង​ផ្ទុកមេរោគ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប្រទេស​មួយចំនួន​សម្រេចចិត្ត​ដាក់​ប្រទេស​ឱ្យ​ស្ថិតនៅក្នុង​គ្រាអាសន្ន បិទ​ប្រទេស​ផ្អាក​ការឆ្លង កាត់​ដែល​ជាការ​កាត់ផ្តាច់​ស្ទើរតែ​ទាំងស្រុង នៃ​ប្រព័ន្ធ​សកលភាវូបនីយកម្ម​ធ្វើឱ្យ​សេដ្ឋកិច្ច​សកលលោក មានការ​ធ្លាក់ចុះ​យ៉ាងគំហុក សុខភាព​សាធារណៈ​ត្រូវបាន​គំរាមកំហែង និង​ប្រឈម​ទៅនឹង​ការបាត់បង់​អាយុជីវិត មនុស្ស​ដែល​មិនអាច​ប៉ាន់ស្មាន​បាន​។​
​ស្ថិតក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​សកលលោក​ទាំ​ង​មូល កំពុង​ទទួល រងគ្រោះ​មហន្តរាយ​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​រឹង​-១៩ ដ៏​គួរឱ្យ​ព្រួយបារម្ភ ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង និង​ក្រុម​ឱកាសនិយម​មួយចំនួន ដែល​ប្រឆាំងនឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ធ្វើការ​ផ្សព្វ​ផ្សាយដំណឹង​ក្លែងក្លាយ​បំ​ភ្នែ​ការពិត បំប៉ោង សភាពការណ៍ បំពុលបរិយាកាស​សង្គម ដើម្បី​បង្ក​ភាពវឹកវរ និង​ចលាចល​នៅក្នុង​សង្គម ហើយ​ទំលាក់កំហុស​មកលើ​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ហើយ​អូសទាញ​ប្រទេសជាតិ ឱ្យ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម ដើម្បី​បម្រើ​មហិច្ឆតា​លោភលន់​របស់​ពួកគេ ប៉ុន្តែ​រាល់​ឧបាយកល ដ៏​ពិសពុល​របស់​ក្រុម​អគតិ និង​ពួក​ឱកាសនិយម​ទាំងនេះ ត្រូវ​បានទទួល​បរាជ័យ​ជា​បន្តបន្ទាប់​ដោយ​ចំណាត់ការ​សមស្រប និង​បាន​ទាន់ពេលវេលា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​មានការ​ចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន និង​ធ្វើការ​បកស្រាយ​អំពី​ល្បិចកល​ដ៏​ពិសពុល​របស់​ក្រុម​អគតិ និង​ពួក​ឱកាសនិយម ជូន​ប្រជាពលរដ្ឋ​បាន​យល់ ដឹង​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា​។​


​ឆ្លៀត​ក្នុងឱកាស​នេះ សម្តេច​បាន​កោតសរសើ​រ​ដោយស្មោះ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន និង​ស្ថាប័ន​សារព័ត៌មាន ដែល​បាន​ខិតខំ​បំពេញភារកិច្ច​នាពេល​កន្លងមក ទោះបី​សភាពការណ៍​នៅលើ​សកលលោក ក៏ដូចជា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ប្រឈម​ទៅនឹង​ការរីក​រាលដាល​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ទៅក្នុង​សហគមន៍ ក៏​បងប្អូន​អ្នកសារព័ត៌មាន​បាន​ខិតខំ​ពុះពារ​រាល់​ឧបសគ្គ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ជំនះ​រាល់​ការលំបាក​នានា ដើម្បី​បំពេញការងារ​របស់ខ្លួន​យ៉ាងសកម្ម​ក្នុងការ​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​បាន​រហ័ស​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​បានដឹង ដើម្បី​ស្វែងយល់​អំពី​សភាពការណ៍​ពិត ដែល​បាន​កើតឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ការវិវត្ត​នៃ​សភាពការណ៍​សកលលោក ជាពិសេស​បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​រហ័ស​ទាន់ពេលវេលា​នូវ​វិធានការ​ទាំងឡាយ​របស់​រដ្ឋាភិបាល ក៏ដូចជា ការអប់រំ និង​វិធានការ​សុវត្ថិភាព​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការ ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព នាពេល​កន្លងមក​។​
​បើតាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទោះបី​កម្ពុ​ជាមាន​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជា​លើកដំបូង​នៅក្នុង​សហគមន៍ ក៏​បញ្ហា​នេះ រាជរដ្ឋាភិបាល​នៅតែ​អាច​គ្រប់គ្រង​សភាពការណ៍​បាន ហើយ​បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ គឺ​ចំនួន​អ្នក ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅ​កម្ពុ​ជាមាន​ចំនួន​តិច ហើយ​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ ដោយ​គ្មាន​ប្រជាពលរដ្ឋ ខ្មែរ ឬ​ជនបរទេស​ណា​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​កម្ពុជា​ឡើយ​។ នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​ដោយមាន ការទទួលខុសត្រូវ និង​កិច្ចសហការ​ល្អ​របស់​ស្ថាប័ន​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​វិធានការ​បន្ទាន់ និង​ចាំបាច់​មួយចំនួន​របស់​រាជរដ្ឋាភិបាល ព្រមទាំង​មានការ ចូលរួម​យ៉ាងសកម្ម​ពី​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ និង​ឆ្លើយតបបាន​ទាន់ពេលវេលា​។ កត្តា​ទាំងនេះហើយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​លើកកម្ពស់ ភាពជា​ដៃគូ​មិនអាច​ខ្វះ​បាន​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​ព័ត៌មាន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ និង​ការ ថែរក្សា​សុខសន្តិភាព​នៅ​កម្ពុជា​។​
​ជាមួយគ្នានេះដែរ ឆ្លងកាត់​បទពិសោធន៍ និង​ឧបសគ្គ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​ដី​៥-១៩ សម្តេច​សង្ឃឹមថា វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​ឆ្នាំ​២០២០​នេះ នឹងមាន​កិច្ចពិភាក្សា​ស៊ីជម្រៅ​អំពី​ការបំពេញភារកិច្ច​លើ​វិស័យ​សារព័ត៌មាន​ក្នុង​បរិបទ​ថ្មី នៃ​បញ្ហា​ប្រឈម​ការ​រាតត្បាត​សកល ដែលជា​ឧបសគ្គ​នៃ​ការបំពេញភារកិច្ច​រប​ស់​អ្នកសារព័ត៌មាន និង​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដែល​បង្ក​មហន្តរាយ​ដល់​សង្គម​ជា​អាទិភាព​។ បញ្ហា​នេះ សម្តេច​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​យកចិត្តទុកដាក់​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ជំនាញ ពាក់ព័ន្ធ​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​បងប្អូន​អ្នកសារព័ត៌មាន​របស់​យើង​ឱ្យ​ដើរ​ទាន់​ការវិវឌ្ឍ​បច្ចេកវិជ្ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល ជាមួយនឹង​ការបង្កើតឡើង​នូវ​កាលានុវត្តភាព ដើម្បី​សម្របសម្រួល​ដល់​ការបំពេញភារកិច្ច​រប​ស់បង​ប្អូន​អ្នកសារព័ត៌មាន​ប្រកបដោយ​សុ​វត្តិភាព និង​ប្រសិទ្ធភាព​នៅក្នុង​បរិបទ​នៃ​ជំងឺ រាតត្បាត​សកល​ដែល​អាច​ប្រឈម​នៅក្នុង​ពេលអនាគត ដែល​មិនអាច​ប៉ាន់ស្មាន​បាន​។​
​ជាថ្មី​ម្តងទៀត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និង​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន គោរព​ច្បាប់ និង​គោរព​គោលការណ៍ “​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំ​ភ្នែ​ការពិត​” និង​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដោយ​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អប់រំ និង​វិធានការ សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ច្បាស់ និង​ចូលរួម​ប្រឆាំង ទប់ស្កាត់ និង​លុប បំបាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ -១៩ ដែល​កំពុង​ឆ្លង​ចូលទៅក្នុង​សហគមន៍​។​
​ទន្ទឹមនេះ ក៏​សូមឱ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ធ្វើការ​បកស្រាយ​ឱ្យបាន​ទាន់សភាពការណ៍ ដើម្បី​បន្សាប និង​បំផ្លាញចោល​រាល់​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រុម​អគតិ ក្រុម​ឱកាសនិយម ដែល​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​នានា ដើម្បី​បំពុលបរិយាកាស​សង្គម និង​ក្រុម​ទុច្ចរិត ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ស្ថាប័ន សារព័ត៌មាន​ធ្វើ​សកម្មភាព​ខុសច្បាប់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ កិត្យានុភាព កិត្តិយស និង​សេចក្តី ថ្ងៃ​ថ្នូរ​របស់​ស្ថាប័ន សារព័ត៌មាន និង​អ្នកសារព័ត៌មាន​អាជីព​ដែល​អនុវត្តតាម​វិជ្ជាជីវៈ​ត្រឹមត្រូវ​៕

Related posts

Leave a Comment