លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងបែបនេះ នៅក្នុងឱកាសប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ដោយមានការចូលរួមពីអភិបាលខេត្តព្រះវិហារ មន្ត្រីរាជការ សិស្សនិស្សិត កងកម្លាំងសមត្ថកិច្ចយ៉ាងច្រើន។
លោក នេត្រ ភក្ត្រា ថ្លែងថា ព្រៃឈើដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី ដែលយើងចាំបាច់ត្រូវដាំបន្ថែមពីលើឈើធម្មជាតិ ដែលកម្ពុជាមាន។ លោកថា បច្ចុប្បន្នគម្របព្រៃឈើកម្ពុជាមានជាង៨,៥ លានហិកតាស្មើនឹង៤៦,៨៦ភាគរយ នៃផ្ទៃដីសរុបរបស់កម្ពុជា។ ដោយឡែកផ្ទៃដីព្រៃឈើ ដែលស្ថិតក្រោមការការពារ និងអភិរក្សដោយក្រសួងបរិស្ថានមានទំហំប្រមាណ៧,៣ លានហិកតាដោយចែកចេញជា៦៥ តំបន់ការពារធម្មជាតិ ដែលរួមមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង រួមនឹងរបៀងអភិរក្សជីវៈចម្រុះ។
លោករដ្ឋលេខាធិការបានលើកឡើងទៀតថា នៅពេលតាមទីប្រជុំជន និងភូមិដ្ឋានប្រជាពលរដ្ឋមានភាពបៃតងនោះ នឹងចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឱ្យខ្យល់បរិសុទ្ធ រក្សាគុណភាពដី និងប្រភពទឹកក្រោមដី និងជាផ្នែកមួយនៃការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ បន្ថែមពីលើនេះ លោកបានបន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់គ្រង និងទុកដាក់សំណល់ ដែលបង្កើតឡើងឱ្យបានត្រឹមត្រូវ ទាំងសំណល់ដែលកើតចេញពីការប្រើប្រាស់រាល់ថ្ងៃ និងសំណល់នៅក្នុងបរិស្ថាន ដោយធ្វើការញែកសំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ។
លោកនេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា ទាំងការបង្កើនភាពបៃតងនៅក្នុងសហគមន៍ ដោយការដាំដើមឈើ និងការសម្អាតអនាម័យបរិស្ថានជាប្រចាំនោះនឹងធ្វើឱ្យភូមិដ្ឋាន សហគមន៍ និងទីក្រុង របស់យើងមានបរិស្ថានល្អស្អាត មានអនាម័យ និងផ្តល់នូវផាសុកភាពដល់ការរស់នៅ និងធ្វើឱ្យសហគមន៍ របស់យើងមានសុខភាពល្អ ដែលស្របនឹងទិសស្លោកនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ គឺ “អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ”។
ចំណែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានក្រើនរម្លឹក ក៏ដូចជាជំរុញឱ្យស្ថាប័នសាធារណៈ និងឯកជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ចូលរួមធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីការគ្រប់គ្រង ទុកដាក់សំរាម និងសំណល់រឹងឱ្យបានត្រឹមត្រូវផងដែរ៕