ចំពោះការចងសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែររបស់គណបក្សនយោបាយចំនួន៣ ដែលបានប្រកាសឡើងនាពេលថ្មីៗនេះ ដែលក្នុងនោះ ក៏មានក្រុមញឹក ប៊ុនឆៃ គឺគណបក្សខ្មែររួបរួមជាតិផងដែរ ត្រូវបានគណបក្សហ្វ៊ុនស៊ិនប៉ិច បានសម្តែងការមិនចាប់អារម្មណ៍ ដោយសារយល់ថា ការចងសម្ព័ន្ធភាពអាចនឹងឆាប់សាបទៅវិញ បើសិនធ្វើការមិនច្បាស់លាស់។
ឧបការីសម្តេចព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាប្រធានក្រុមការងារខេត្តពោធិ៍សាត់ លោក អ៊ា ឃីម៉េង បានឲ្យដឹងនៅថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២០ថា ជំហរគណបក្សហ្វ៊ុនស៊ិនប៉ិច មកដល់ពេលនេះ មិនទាន់មានការចូលរួមចងសម្ព័ន្ធភាពជាមួយគណបក្សខ្មែររួមរួបជាតិនោះទេ។
លោកបញ្ជាក់ថា “យើងមិនទាន់មានការប្រកាសណាមួយជាផ្លូវការ ក្នុងរូបរួមជាមួយគណបក្សខ្មែរររួបរួមជាតិនោះទេ។ អ្វីដែលគេនិយាយជាសិទ្ធិរបស់គេ តែជាក់ស្តែងយើង អត់មានរួបរួមគ្នានោះទេ”។
លោកក៏បានលើកឡើងថា ចំពោះការចងសម្ព័ន្ធរបស់គណបក្សទាំងបីមានគណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្ស ខ្មែរតែមួយរួមគ្នាដាក់ឈ្មោះសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរថា “ខ្ញុំមិនមែនការចាប់អារម្មណ៍អ្វីនោះទេ ពីព្រោះនេះជាសិទ្ធិរបស់គណបក្សនយោបាយក្នុងការចងសម្ព័ន្ធភាពគ្នា ក៏ប៉ុន្តែខ្ញុំមិនចាប់អារម្ភទេ ពីព្រោះ សម្ព័ន្ធ អ្នកប្រជាធិបតេយ្យយើងគិតថា បើគណបក្សទាំង៣ធ្វើជាមួយគ្នាដោយបេះដូងឆន្ទះ នោះសម្ព័ន្ធ គង់វង្ស ប៉ុន្តែបើកចូលរួមហើយធ្វើបានតែ២ ឬ៣ខែហើយបាត់ទៅវិញគឺមិនល្អទេ។ កន្លងមក យើងធ្លាប់ឃើញថា មានការចងសម្ព័ន្ធគ្នាតែមិនទទួលជោគជ័យឡើយ”៕