សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ រៀបចំ​សន្និសីទ​អន្តរជាតិ លើក​ទី​៣ ជាមួយ​សាកលវិទ្យាល័យ​មកពី​១៣ ប្រទេស​ជុំវិញ​ពិភពលោក​

​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ បានរៀបចំ​ពិធី​បើក​សន្និសីទ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ លើក​ទី​៣ ឆ្នាំ​២០២០ BICC2020-​ប៊ី​ក​ស៊ី​២០២០ (3rd BELTEI International Collaboration Conference 2020) តាម​ប្រព័ន្ធ​វីដេអូ (Video Conference) ក្រោម​ប្រធានបទ “​ការរៀបចំ​សម្រាប់​ជីវិត​សិក្សា​នៅក្រៅ​ប្រទេស (Preparation for Overseas Study Life)” ក្រោម​អធិបតីភាព​លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ អគ្គនាយក ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម និង​ធ្វើ​បទ​បង្ហាញ​ពី​សាកលវិទ្យាល័យ​ដៃគូ​ចំនួន​២០ មកពី​១៣​ប្រទេស ជូន​ដល់​សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ សរុប​ចំនួន​៣,៧០០​នាក់​។​
​លោក លី ណា​វុ​ឌ្ឍ អគ្គនាយករង​ប៊ែ​ល​ធី គ្រុប និង​ជា​សាកលវិទ្យាធិការ​សាកល​វិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ​បាន​ថ្លែងថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​ស​ន្នី​សីទ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​កម្ពុជា ក្នុង​គោលបំណង​ពង្រឹង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​នៅឯ​ក្រៅប្រទេស ដែល​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MoU) ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ និង​គុណភាព​អប់រំ​នៅ​កម្ពុជា​ឱ្យមាន​ការទទួលស្គាល់​ជា​អន្តរជាតិ ដែលមាន​៦​ចំណុច​សំខាន់ៗ​៖
១- បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង​សាកលវិទ្យាល័យ​ដៃគូ​ទាំងអស់​នៅក្រៅ​ប្រទេស​។​
២- ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​កម្មវិធីសិក្សា​មុខវិជ្ជា​សិក្សា អាហារូបករណ៍ ការ​ស្នាក់នៅ និង​ឱកាស​ទទួលបាន​ការងា​រ​ធ្វើ​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ដែលមាន​បំណង​ចង់ទៅ​សិក្សា​នៅក្រៅ​ប្រទេស​។​
៣- លើកទឹកចិត្ត​សិស្ស​-​និស្សិត​ពូកែ​ប៊ែ​ល​ធី​ដែល​ទទួលបាន​អាហារូបករណ៍​ឱ្យទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដៃគូ​ក្រៅប្រទេស​។
៤- បង្កើន​កម្មវិធី​ផ្លាស់ប្តូរ​និស្សិត (Student Exchange Program) ពី​កម្ពុជា​ទៅ​ក្រៅប្រទេស និង​ពី​ក្រៅប្រទេស​មក​កម្ពុជា​។​
៥- ពង្រឹងគុណភាព​អប់រំ ដើម្បីឱ្យ​សិស្ស​-​និស្សិត​ប៊ែ​ល​ធី អាច​ផ្ទេរ​ការសិក្សា (​ផ្ទេរ​ក្រេ​ឌី​ត​) ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដៃគូ​នៅក្រៅ​ប្រទេស​។​
៦- លើកកម្ពស់​វិស័យ​អប់រំ និង​ពង្រឹងគុណភាព​សិក្សា តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​អប់រំ​ពីគ្នា​ទៅវិញទៅមក​។​

​លោក​បណ្ឌិត Wilfred Zerbe នាយក​ប្រតិបត្តិ​សាខា Vancouver នៃ​សាកលវិទ្យាល័យ Fairleigh Dickinson មកពី​ប្រទេស កាណាដា បាន​ថ្លែងអំណរគុណ​ចំពោះ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដែល​បានរៀបចំ​សន្និសីទ​អន្តរជាតិ​នេះ​ឡើង និង​បាន​លើកទឹកចិត្ត​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ឱ្យខិត​ខំ​សិក្សា​រៀនសូត្រ ដើម្បី​មានឱកាស​អាច​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។​

​ជាមួយគ្នា​នោះដែរ ក៏មាន​ការចែករំលែក​បទពិសោធន៍​អំពី​ជីវិត​សិក្សា​នៅក្រៅ​ប្រទេស​របស់​អតីត​សិស្ស​និទ្ទេស A និង​ជា​និស្សិត​អាហារូបករណ៍​ឧកញ៉ា លី ឆេង ចំនួន​២​រូប គឺ​ប្អូន ស គីម​ស៊ា កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ Fairleigh Dickinson នៃ​ប្រទេស​កាណាដា និង​ប្អូន កាំ​ង ស៊ិ​ញ​លី កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ បាងកក នៃ​ព្រះរាជាណាចក្រ​ថៃ​។​
​ស្ថិតក្នុង​ឱកាស​នោះ លោក​បណ្ឌិត លី ឆេង បាន​ជម្រាបជូន​អង្គ​សន្និសីទ​អំពី​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ពិសេស​ការខិតខំ​ប្រឹង​ប្រែង​ទប់ស្កាត់ និង​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩​។ លោក​បណ្ឌិត ក៏បាន​ជម្រាប​ផងដែរ អំពី​ស្ថានភាព​បណ្តុះបណ្តាល​របស់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដែល​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) និង​ការណែនាំ​នានា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងកំឡុងពេល​វិបត្តិ​កូ​វីដ​១៩ នេះ​។​

​លោក​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថានសិក្សា​ទាំង​២០ មកពី​១៣​ប្រទេស​ជុំវិញ​ពិភពលោក ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ ជាពិសេស​បានធ្វើ​បទ​បង្ហាញ​ចែករំលែក​ព័ត៌មាន​សិក្សា​របស់​សាកលវិទ្យាល័យ​ខ្លួន​នៅឯ​ក្រៅប្រទេស​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា តាមរយៈ​ប្រព័ន្ធ វីដេអូ (Video Conference)​។ ​លោក​បណ្ឌិត បាន​បន្ថែមថា សន្និសីទ BICC 2020 (​ប៊ី​ក​ស៊ី​២០២០) នេះ ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​បង្កើន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​នៅ​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ​។​

​ជាមួយគ្នា​នោះដែរ លោក​បណ្ឌិត ក៏បាន​លើកទឹកចិត្ត​ដល់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ដៃគូ​នៅក្រៅ​ប្រទេស​ទាំងអស់​បន្ត​ចូលរួម​សន្និសីទ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប៊ែ​ល​ធី លើក​ទី​៤ នៅ​ឆ្នាំ​២០២១ ខាងមុខនេះ ក្នុង​គោលបំណង​រួមគ្នា​ពង្រឹងគុណភាព​អប់រំ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត​៕

Related posts

Leave a Comment