អ្នកវិនិយោគ​ជប៉ុន​ថា សេដ្ឋកិច្ចកម្ពុជា​មាន​លំនឹង​ល្អ បើទោះបី​ជាមាន​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក​

​ភ្នំពេញ​៖ ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ ទាក់ទង​ទៅនឹង​ផលប៉ះពាល់ នៃ​នៃ​ជម្ងឺ​កូ​វីដ​-១៩ លោក អា​ឡិច យ៉ា​ស៊ូ​ម៉ូតូ (Alex Yasumoto) សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា (Arakawa) ដែលជា​ក្រុមហ៊ុន​សាងសង់​លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​ប្រទេស​កម្ពុជា បាន​អះអាងថា លោក​មិនមែនជា​អ្នកសេដ្ឋកិច្ច​ទេ ហើយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខ សេដ្ឋកិច្ច​មានការ​ប៉ះពាល់​ប៉​ណ្ណា លោក​មិន​ហ៊ាន​សន្និដ្ឋាន​ទេ តែ​លោក​ជឿ​ខ្លួនឯង​ថា កម្ពុ​ជាមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​នៅឡើយ ដូច្នេះ​លោក​យល់ថា នឹង​មិនមាន​ផលប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ​។​
​ទាក់ទង​ដល់​ការសាងសង់​លំនៅឋាន​ស្តង់ដា​ជប៉ុន​លោក Alex Yasumoto បាន​ថ្លែងថា លំនៅឋាន​អា​រ៉ា​ខា​វ៉ា ត្រូវបាន​សាងសង់ឡើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាជន​កម្ពុជា​ដែលជា​សិស្ស និស្សិត គូ​ស្វាមីភរិយា​ថ្មី និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ បើទោះជា​ពួកគាត់​មាន​ចំណូល​ទាប និង​មធ្យម​ក៏ដោយ ក៏​អាច​ទិញ​លំនៅឋាន​ខុន​ដូរ​របស់​អា​រ៉ា​ខា​វ៉ា​បាន និង​បានទទួល​បទពិសោធន៍​ជា​ម្ចាស់​កម្ម​សិទ្ធ និង​រស់នៅ​សមរម្យ ក្នុង​ខុន​ដូរ​ទំនើប កណ្តាល​ទីក្រុង​ភ្នំពេញ​ដែរ​។​
​សូមបញ្ជាក់ថា លំនៅឋាន​អា​រ៉ា​ខា​វ៉ា (Arakawa Residence) ដែលមាន​ម្ចាស់​ភាគហ៊ុន​ធំ​ជា​ជនជាតិ​ជប៉ុន បាន​ចំណាយ​ទុនវិនិយោគ​ប្រមាណ​៧០​លាន​ដុល្លារ ដើម្បី​សាងសង់​លំនៅឋាន​បែប​ប្រណិត មាន​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព ផ្តល់​ភាពងាយស្រួល និង​មាន​បរិស្ថាន​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែលមាន​ចំណូល​ទាប និង​មធ្យម ហើយ​មានបំណង​ចង់​រស់នៅ​ផ្ទះ​បែប​ស៊ីវីល័យ ថ្លៃថ្នូរ នៅ​កណ្តាល​ក្រុងភ្នំពេញ​។ លំនៅឋាន​ស្តង់ដា​ជប៉ុន​នេះ បានប្រកាស​ចាប់ផ្តើម​បើក​លក់​ដំណាក់​ទី​២​ហើយ បន្ទាប់ពី​ដំណាក់កាល​ទី​១ បើក​លក់​ចំនួន​១៦៨០ យូ​នី​ត កាលពី​ចុងឆ្នាំ​២០១៩ មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​អតិ​ត​ថិ​ជន និង​បាន​ទិញ​អស់​មុន​ផែនការ​កំណត់​។​
​នៅក្នុង​កិច្ច​សម្ភាស​ន៏​ជាមួយ​អ្នកសារព័ត៌មាន លោក អៀង សុធា​រ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន​អា​រ៉ា​ខា​វ៉ា បាន​ថ្លែងថា “​យើង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​បង្កើត​លំនៅឋាន​មួយ​ដ៏​សមរម្យ ប្រកបដោយ​គុណភាព សុវត្ថិភាព សោភ័ណភាព ផាសុកភាព គុណធម៌ និង​បង្កើត​ឲ្យ​មាន​ទម្លាប់​រស់នៅក្នុង​អគារ​រួម និង​ការថែទាំ​រួម​” ។ លោក សុធា​រ៉ា បាន​បន្ថែមថា អតិថិជន​ដែល​ទិញ​យូ​នី​ត​ក្នុង​លំនៅឋាន​អា​រ៉ា​ខា​វ៉ា​នឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ “​តកូនតចៅ​” ។
Arakawa Residence ត្រូវបាន​អ្នកជំនាញ​វាយតម្លៃថា ជា​លំនៅឋាន​ស្តង់ដា​ជប៉ុន​ទីមួយ​នៅ​កម្ពុជា ដែល​បាន​ក្លាយទៅជា​គំរូ​នៃ​លំនៅឋាន ឬ​សំណង់​អគារ​នានា​ដែលមាន​ស្តង់ដា​ជប៉ុន​ពិតប្រាកដ ជាពិសេស​បច្ចេកទេស​សំណង់ ប្រព័ន្ធ​ទឹក​និង​លូ និង​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​អគ្គិភ័យ ដើម្បី​បញ្ចៀស​នូវ​ក្តីកង្វល់​ដល់​ម្ចាស់ផ្ទះ​ដែល​បាន​ទិញ​រួច​។ ក្រុមហ៊ុន​នេះ​ប្រើ​ទុនវិនិយោគ​របស់​ក្នុង​ការសាងសង់​ទាំងស្រុង ដោយ​មិន​ប្រើថ​វិការ​របស់​អតិថិជន​ឡើយ​។ លំនៅឋាន​នេះ សាងសង់​លើ​ផ្ទៃដី​ជាង​១.៣ ហិច​តា មាន​សំណង់​អគារ​សរុប​ចំនួន​១៦ និង​មាន​កំពស់​២១​ជាន់​ស្មើៗ​គ្នា​៕

Related posts

Leave a Comment