រដ្ឋមន្ត្រីការបរទេស​ជប៉ុន ស្នើសុំ​ឲ្យមានការធ្វើដំណើរ​ចេញចូលឡើងវិញរវាងកម្ពុជា និងជប៉ុន​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម

​ភ្នំពេញ​៖ ការស្នើសុំ​របស់លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ (MOTEGI Toshimisu) រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នេះ បានធ្វើ​ឡើងខណៈ​លោក​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែសីហា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព ។​
​ក្នុងជំនួប​ពិភាក្សា​នោះ លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​សឺ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ចាត់វិធានការ​ល្អប្រសើរ​ក្នុងការ​ទប់ស្កាត់​ជំងឺ covid 19 បាន​យ៉ាង​ល្អប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​ក៏បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​ភាពឈ្លាសវៃ ដែល​នាំ​ដល់​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់ទៀតថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ គឺ​លោក​បាន​សង្កេតឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​រីកចំរើន​ខ្លាំង​និង​ឆាប់រហ័ស លើសពីនោះ លោក​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ជប៉ុន​បាន​ត្រៀម​ថវិកា​មួយចំនួន​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ផងដែរ​។
​លោក MOTEGI Toshimisu បាន​ស្នើសុំ​ដើម្បី​ធ្វើយ៉ាងណា​បើក​ដំណើរការ​ឡើងវិញ រវាង​ប្រទេស​ទាំងពីរ ដូចជា​ការធ្វើដំណើរ​ទៅវិញទៅមក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​ផងដែរ​។ លើសពីនេះទៅទៀត លោក​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ផងដែរ​ថា និស្សិត​កម្ពុជា​យើង​ចំនួន​១៩​នាក់ ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុងពេល​ឆាប់​ឆាប់​នេះ​។ ជាមួយគ្នា​នោះ​ផងដែរ លោក​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ភាគី​ជប៉ុន​បានធ្វើ​ការសិក្សា​ចប់សព្វគ្រប់​ហើយ​ទៅលើ​កំពង់ផែ​ក្រុងព្រះសីហនុ​សម្រាប់ធ្វើ​យ៉ាងណា​ឲ្យ​កំពង់ផែ​នោះ ទទួល​កប៉ាល់​ធំៗ​ចូល​ចត​។ ក្នុងន័យនេះ លោក​បាន​ស្នើសុំ​សម្ដេច​តេ​ជោ​ឲ្យ​មានការ​គាំទ្រ​គម្រោង​នេះ​ផងដែរ​។
​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តី​រីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​សារ​ជាថ្មីទៀត បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៤ កន្លងទៅ​។ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ជំនួយ​ដែល​បានផ្ដល់​មក​កម្ពុជា នា​រយៈពេល​កន្លងមក និង​ជំនួយ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ និង​អរគុណ​ទៅដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ជួយ​ពលករ ក៏ដូចជា​ដល់​និស្សិត​កម្ពុជា ដែល​កំពុងតែ​សិក្សា និង​បម្រើ​ការងារ​នៅឯ​ប្រទេស​ជប៉ុន​។
​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​គាំទ្រ​នូវ​ការបើក​ឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ ក៏ដូចជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ទាំងអស់នោះ នឹង​ធ្វើអោយ​ទំនាក់ទំនង និង​ការផ្ដល់​ការធ្វើដំណើរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ ដែល​អាច​នាំមក​ទំនាក់ទំនង​កាន់តែខ្លាំង​បន្ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជា​បន្តទៀត​ផងដែរ​។
​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​- ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​១,២ ពាន់​លាន​ដុល្លារ​ហើយ​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ​០,៨ ពាន់​លាន​ដុល្លារ ។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០ នេះ រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ​មាន​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុងនោះ​កម្ពុជា​នាំ​ចេញទៅ​ជប៉ុន​ប្រមាណ​៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំ​ចូលមក​កម្ពុជា​ប្រមាណ​៣០០​លាន​ដុល្លារ​។
​ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នៃ​ប្រទេស​ទាំងពីរ សម្តេច​បានស្នើ​ឲ្យ​មានការ​ហោះហើរ​ឡើងវិញ របស់​ក្រុមហ៊ុន​អាណា​ណា ដែល​ការហោះហើរ​នេះ នឹង​អាច​នាំអោយ​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំងពីរ​មាន​សភាពការណ៍​ធម្មតា​ឡើងវិញ ជាពិសេស​ត្រូវអនុវត្ត​នូវ​វិធានការ​មួយចំនួន​ផងដែរ​។ សម្តេច​តេ​ជោ​បន្តថា ការហោះហើរ​ឡើងវិញ​នេះ នាំអោយមាន​ការកើនឡើង​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ការ និង​វិនិយោគ​ផងដែរ​៕

Related posts

Leave a Comment