លោក សួន សេរី​រដ្ឋា​៖ យើង​មិនត្រូវ​មើលរំលង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​នាយករដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​នោះទេ​

​ភ្នំពេញ​៖ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍ​ជនបទ លោក សួន សេរី​រដ្ឋា បាន​ថ្លែងថា យើង​មិនត្រូវ​មើលរំលង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះព្រំដែន ដើម្បី​ឈានទៅ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​នោះឡើយ ហើយ​នេះ ជា​នយោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​តែមួយគត់ ដើម្បី​ឈានទៅដល់​ការបញ្ចប់​នូវ​ការឈ្លានពាន​បូរណៈភាព​ទឹកដី​ទាំងស្រុង​។​


​ការលើកឡើង​របស់​អតីត​អ្នកនយោបាយ​រូបនេះ បានធ្វើ​ឡើង​បន្ទាប់ពី​មួយរយៈ​ចុងក្រោយ​នេះ មាន​ជន​ជ្រុលនិយម​មួយចំនួន​លើកយក​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ធ្វើជា​ប្រធានបទ ដើម្បី​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​កំហឹង​ជាមួយ​រាជរដ្ឋាភិបាល​ថា មិនមាន​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​។​


​លោក សួន សេរី​រដ្ឋា លើកឡើងថា ការសម្រេចចិត្ត​ជំរុញ​ឲ្យ​បោះបង្គោល​ព្រំដែន របស់​រដ្ឋាភិបាល គឺជា​ការការពារ​បូរណៈភាព​ទឹកដី​ខ្មែរ​។ បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង រួមមាន​ជាមួយ វៀតណាម ថៃ និង​ឡាវ មិនមែនជា​រឿង​ថ្មី​ទេ ហើយក៏​មិនមែនជា​រឿង​ចម្លែក​ដែរ ដែល​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ផ្កាប់ (​ប្រឆាំង​ខ្វាក់​ខួរក្បាល​) លើកយក​បញ្ហា​នេះ​មក​ធ្វើជា​ប្រធានបទ​បញ្ឆេះ​កំហឹង​ពលរដ្ឋ ក្នុង​បំណង​ទាញ​ស្ថាន​ការ​ឲ្យ​វឹកវរ ច្របូកច្របល់ ចលាចល ក្នុងប្រទេស រួច​ទាញ​ទម្លាក់​ប្រទេសជាតិ​ឲ្យ​ធ្លាក់ចូល​ផ្លូវ​អស្ថេរភាព អសន្តិសុខ និង​អ​សន្តិភាព ដើម្បី​ពួកគេ​មានឱកាស​ហក់​ចូលមក​ដឹកនាំ​ធ្វើបាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​។​


​បើតាម​លោក សួន សេរី​រដ្ឋា បំណង​ពិត​របស់​ពួក​ប្រឆាំង​ផ្កាប់មុខ​នេះ គឺ​បញ្ឆេះ​ឲ្យ​មាន​អណ្តាតភ្លើង កំហឹង​ពលរដ្ឋ ឆេះ​ឡើង​ចេញ​ជា​ចលនា​បាតុកម្ម​ឲ្យ​រីកធំឡើងៗ រួច​ពួកគេ​ហក់​ចេញមក​កាន់​ក្បាល​មេក្រូ​ដឹកនាំ​បាតុកម្ម​នេះ ទាមទារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​។ ពួក​ប្រឆាំង ដែល​ផ្កាប់មុខ ផ្កាប់​ខួរក្បាល​ជាមួយ​លោក សម រង្ស៊ី នោះ គឺ​អស់​ឱកាស​វិលត្រឡប់​ចូល​ប្រទេស​វិញ ដើម្បី​បង្កើត​គណបក្សនយោបាយ​ស្របច្បាប់​ប្រកួតប្រជែង​នយោបាយ​ស្របច្បាប់​តាមរយៈ​ការបោះឆ្នោត​ទៀតឡើយ​។ ដូចនេះ​ពួកនេះ មានតែ​ខំ​ប្រើប្រាស់​សកម្មជន​ផ្កាប់​មុខងុប​ង​ល់ ដែល​នៅ​សេសសល់​មួយ​ដំបរ​ស្វា​នោះ ឲ្យ​ខំ​ឆ្កឹះឆ្កៀល បង្កើត​ព្រឹត្តិការណ៍​ចលាចល​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ចាប់អារម្មណ៍​លើ​ក្រុម​ខ្លួន តាមរយៈ​ការប្រើ​សំដី​សំអុយ​ការដឹកនាំ និង​បំភ្លៃ​ការពិត​នៃ​ការស្វែងរក​ដំណោះស្រាយ​របស់​រដ្ឋាភិបាល​ដែល​កំពុង​ខិតខំ​ធ្វើ និង​ដោះស្រាយ​បញ្ហា​ព្រំដែន​នាពេលនេះ​។​


​លោក សួន សេរី​រដ្ឋា បញ្ជាក់ទៀតថា “​យើង​ពិតជា​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ​ថា ប្រទេសជិតខាង​ខ្មែរ​ទាំងបី​ប្រទេស​នេះ គឺ​ពិត​ជាមាន​ប្រវត្តិ​ឈ្លានពាន រំលោភ​អធិបតេយ្យភាព បូរណៈភាព​ទឹកដី​ខ្មែរ​ពិតប្រាកដ​មែន​។ តែ​ការពិត​មួយទៀត ដែល​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ខិតខំ​ចរចា ដោះស្រាយ​បញ្ចប់​បញ្ហា​ជំលោះ​ព្រំដែន​ខ្មែរ​ជាមួយនឹង​ប្រទេសជិតខាង ដើម្បី​ឈានទៅ​បញ្ចប់​ការឈ្លានពាន​ទាំងស្រុង ហើយ​ដើម្បី​ឲ្យ​មាន​បង្គោល​ព្រំដែន​ប្រទេស​ច្បាស់លាស់​នោះ ក៏​យើង​មិនត្រូវ​មើលរំលង រួច​នាំគ្នា​បង្កើត​ព្រឹត្តិការណ៍​បំភ្លៃ​ការពិត​នោះដែរ​។ ការចរចា​បញ្ហា​ព្រំដែន​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ជំលោះ​ព្រំដែន ដើម្បី​ឈានទៅដល់​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ខ្មែរ​ឲ្យ​បាន​១០០​ភាគរយ គឺជា​នយោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​តែមួយគត់ និង​គឺជា​វីរៈភាព​ដឹកនាំ​ដ៏​ឆ្លាត​វៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដើម្បី​ឈានទៅដល់​ការបញ្ចប់​នូវ​ការឈ្លានពាន​បូរណៈភាព​ទឹកដី​ទាំងស្រុង​ពី​សំណាក់​ប្រទេសជិតខាង មកលើ​អធិបតេយ្យភាព និង​បូរណៈភាព​ទឹកដី​របស់​ខ្មែរ​”​។


​ដោយ​ឆ្លងកាត់​ប្រវត្តិសាស្ត្រ​ឈ្លានពាន ប្រវត្តិសាស្ត្រ​អាណានិគម និង​ប្រវត្តិសាស្ត្រ​សង្គ្រាមស៊ីវិល​ឈ្លោះ​បែកបាក់​ផ្ទៃក្នុង​កន្លងមក លោក សួន សេរី​រដ្ឋា អះអាងថា ប្រទេស​យើង​គ្មាន​បង្គោល​ព្រំដែន​ជាក់លាក់​ជាមួយ​ប្រទេសជិតខាង​ទេ ក្រៅពី​បង្គោល​ខ្លះ ដែល​បន្សល់​ពីរ​បប​អាណានិគម​បារាំង និង​ខ្សែបន្ទាត់​ព្រំដែន​តាម​មាត់​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ព្រំដែន និង​ឬក៏​តាមរយៈ​កម្លាំង​ឈរជើង​របស់​កងទ័ព​ដែល​យើង​អាចឈរជើង​បាន ។ សំណួរ​សួរថា តើ​ពួក​ប្រឆាំង​ផ្កាប់មុខ​អស់នោះ មិន​ចង់​ឲ្យ​ប្រទេសជាតិ មាន​បង្គោល​ព្រំដែន​ជាក់លាក់ ដើម្បី​ធានា​អធិតេយ្យភាព និង​បូរណៈភាព​ទឹកដី​ខ្មែរ​ទេ​អី ? ហើយ​បើ​ធៀប​ខ្លួន​ជា​ម្ចាស់​ដី​មួយ​ឡូ​តិ៍​ក្នុងភូមិ​វិញ​នោះ តើ​ខ្លួន​មិន​ចង់​មាន​របង​ព្រំប្រទល់​ឲ្យ​វា​ច្បាស់លាស់​ជាមួយ អ្នកភូមិ​ជិតខាង​ទេ​អី ? ឬ​ពួកគេ​ចង់​ឲ្យ​អត់​មាន​បង្គោល​ព្រំដែន​រហូត​។​


​លោក សួន សេរី​រដ្ឋា ឲ្យ​ដឹង​ដែរ​ថា ជា​រូបភាព​សំបក​ក្រៅ មើល​ការតវ៉ា​ប្រឆាំង​ការបោះបង្គោល​ព្រំដែន ដែល​ពួក​ប្រឆាំង​ផ្កាប់មុខ​នេះ​ធ្វើ​ថា ជាការ​ខិតខំ​ការពារ​ដី​ខ្មែរ តែ​ការពិត​វិញ គឺ​ពួកនេះ កំពុង​បម្រើ​មហិច្ឆតា​ប្រទេសជិតខាង ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​ខ្មែរ មាន​បង្គោល​ព្រំដែន ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ដើម្បី​ងាយស្រួល​បន្ត​ការរំលោភ​ឈ្លានពាន យក​ដី​ខ្មែរ ដូច​ពួកគេ​បានធ្វើ​ក្នុង​ប្រវត្តិសាស្ត្រ​កន្លងមក​តទៅទៀត​។ លោក​បន្តថា ជា​ភាព​ឆ្លាត​វៃ នៃ​ការដឹកនាំ គឺ​យើង​ធ្វើយ៉ាងណា​ចរចា ដោះស្រាយ ឲ្យ​គេ​ព្រម​ទទួលស្គាល់​ព្រំដី​របស់​យើង ហើយ​យើង​បាន​បោះបង្គោល​ព្រំដី​របស់​យើង​ឲ្យ​ជាក់លាក់​ពិតប្រាកដ ការពារ​ទុក​ឲ្យ​អ្នកជំនាន់ក្រោយ ។ ពោលគឺ​មិនមែន​ចេះតែ​ស្រែក ចេះតែ​ឈ្លោះ ចេះតែ​វ៉ៃ​គ្នា បង្ក​ជំលោះ ហើយ​បន្ត​ការរស់នៅ​គ្មាន​បង្គោល​ព្រំដី​រហូត​នោះទេ ។

​អតីត​អ្នកនយោបាយ​រូបនោះ​បញ្ជាក់ទៀតថា មានតែ​ពួក​អ្នកធ្វើនយោបាយ​បម្រើ​មហិច្ឆតា​របស់​ពួក​ឈ្លានពាន​ប៉ុណ្ណោះ ដែល​ប្រឆាំង​តវ៉ា មិន​ចង់​ឲ្យ​មាន​បង្គោល​ព្រំដី ព្រំដែន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ឲ្យ​ពួក​ឈ្លានពាន​។ ដូច្នោះ​នយោបាយ​ដឹកនាំ និង​ការ​ឆន្ទៈ​របស់​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ជា​នាយករដ្ឋមន្ត្រី និង​ជាម​គុ​ទ្ទេស​ក៏​សន្តិភាព នៃ​កម្ពុជា ដែល​ខិតខំ​ចរចា ដោះស្រាយ និង​ជំរុញ​ឲ្យ​មានការ​បោះបង្គោល​ព្រំដែន ដើម្បី​បានទទួល​ស្គាល់​ព្រំដែន​ខ្មែរ​ជាមួយ​ប្រទេសជិតខាង ជា​លក្ខណៈ​អន្តរជាតិ គឺជា​មធ្យោបាយ និង​ជា​នយោបាយ​តែមួយគត់ ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណៈភាព ទឹកដី​ខ្មែរ​កុំ​ឲ្យ​បាត់បង់ និង​កុំ​ឲ្យ​មានការ​ឈ្លានពាន​តទៅទៀត​។​

​សូមបញ្ជាក់ថា លោក សួន សេរី​រដ្ឋា ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០៕

Related posts

Leave a Comment