ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទូទាំង​រាជធានី​ភ្នំពេញ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​រលក​ទី​២ នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ដាស់តឿន ក៏ដូចជា​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ ទូទាំង​រាជធានី​ភ្នំពេញ បង្កើន​ការប្រុងប្រយ័ត្ន​បំផុត ចំពោះ​រលក​ទី​២ នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ព្រោះ​ប្រទេស​ជាង ២០០ លើ​ពិភពលោក​កំពុង​ត្រូវបាន​វាយលុក​យ៉ាងធ្ងន់ធ្ងរ នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​
​ការណែនាំ​របស់លោក​ឧត្ដមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង បាន​ធ្វើឡើង​ក្នុងពេល​ប្រជុំ​ប្រចាំ​សប្ដាហ៍​។ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា រលក​ទី​២ នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​នេះ បាន​ឆក់យក​ជីវិត​មនុស្ស​ជាង​កន្លះ​លាន​នាក់ ហើយ​ឆ្លង​ជាង​១០​លាន​នាក់​ទៅហើយ លើ​ពិភពលោក ខណៈដែល​ប្រទេស​កម្ពុ​ជាមាន​អ្នក​ឆ្លង​សុទ្ធតែ​មកពី​ក្រៅប្រទេស​ជាង​១០០​នាក់ ដោយ​ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ​។ លោក​ឧត្ដមសេនីយ៍ឯក​បា​នប​ន្ត​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទាំងអស់ អនុវត្ត​នូវ​គម្លាត​ពីគ្នា​គ្រប់ពេល​និង​កុំ​ភ្លេច​ធ្វើ​អនាម័យ​ជាប្រចាំ នាំមក​នូវ​សុខភាព​មាំមួន ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក្រៅពី​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ​។​
​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែង​ទៀតថា គ្រប់​ទីបញ្ជាការ​អាវុធ​ហត្ថ​ទាំងអស់​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន ដោយ​ពិនិត្យ​កម្ដៅ​លាងដៃ​នឹង​សាប៊ូ និង​អាល់កុល ពាក់​ម៉ាស់​ជាប្រចាំ ហើយ​ត្រូវ​ប្រើប្រាស់​ឧបករណ៍​ដូចជា យានជំនិះ​គ្រប់​ប្រភេទ ដោយ​បាញ់សម្លាប់​មេរោគ​ដែល​មន្ត្រី​អាវុធហត្ថ​ស្រាវជ្រាវ រកឃើញ​បង្កើត​ដោយ​ខ្លួនឯង​រាប់ពាន់​គ្រឿង​នោះ​តែម្ដង​។​
​ក្រៅពីនេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ​។ ក្នុងនាម​ជា​អ្នកបម្រើ​រាស្ត្រ​ក្នុង​ទឹកចិត្ត​ស្មោះត្រង់​បំផុត ដោយ​មិន​គិត​ថ្ងៃ​យប់ សំខាន់​រក្សា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​គ្រប់ពេល​៕
​​

Related posts

Leave a Comment