លោក សួន សេរី​រដ្ឋា ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ

ភ្នំពេញ​៖ លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ​នរោត្តម សីហមុនី ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​។
​ទាក់ទង​ការទទួល​បានការ​ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​នេះ លោក សួន សេរី​រដ្ឋា​បាន​ថ្លែង នា​រសៀល​ថ្ងៃទី​១០ ខែកក្កដា នេះ​ថា ការទទួលបាន​ទំនុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​លោក​មាន​ពេលវេលា មានឱកាស​ជួយ​កសិករ ហើយ​នេះ​ជា​មោទនភាព និង​ជា​សុ​បិ​ន្ត​របស់លោក​។
​លោក សួន សេរី​រដ្ឋា ថ្លែង​យ៉ាង​ដូច្នេះ​ថា “​សុ​បិ​ន្ត​របស់ខ្ញុំ ដែល​ចេញ​ធ្វើ​នយោបាយ គឺ​ដើម្បី​ជួយ​ពលរដ្ឋ ពិសេស​កសិករ​ដែលរ​ស់​ដោយសារ​ដីស្រែ​ចម្ការ ។ ខ្ញុំ​ធ្លាប់​និយាយប្រាប់​កសិករ​ថា យើង​ជា​កសិករ មិនមែនជា​អ្នកក្រ​ទេ តែ​គឺជា​មហាសេដ្ឋី ព្រោះ​យើង​មាន​ដីស្រែ ដីចម្ការ​ធំ ដែល​គ្នា​អ្នកទីក្រុង​ខ្លះ​មួយ​គ្រួសារ​មានកម្ម​សិទ្ធិ​ដី តែ​១០០ ការ៉េ សង់ផ្ទះ​មួយ​ល្វែង​ប៉ុណ្ណោះ ។ ដូច្នោះ​កសិករ​យើង​ឲ្យ​តែ​រក្សា​ដីស្រែ​ចម្ការ​បាន ជឿជាក់​លើដី​ដែល​ខ្លួន​គ្រប់គ្រង នោះ​នឹង​ឆ្នៃ​ចេញ​ជា​លុយ ជា​ទ្រព្យ​តដល់​កូនចៅ​” ។​
​លោក​ថ្លែង​ទៀតថា “​ខ្ញុំ​ជា​កូន​អ្នកស្រែ ! ខ្ញុំ បាន​រៀន បានធ្វើ​ដល់ទី​ក្រុង បានចេញ ទៅ​រៀន និង​ធ្វើការ​នៅ​បរទេស ហើយ​បាន​វិល​មកជួយ​ស្រុកកំណើត​វិញ គឺ​បាន​គុណ​ដីស្រែ ។ ដូចនេះ​ការទទួលបាន​ទំនុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​ខ្ញុំ មាន​ពេល​មានអោកាស​ទៅ​ជួយ​កសិករ​អ្នកស្រែ​អ្នកចម្ការ​វិញ ជា​មោទនភាព​របស់ខ្ញុំ​”៕

Related posts

Leave a Comment