លោក ទិ​ត សុធា ច្រានចោល​ការផ្សាយ​រប​ស់​វិទ្យុ​អាស៊ីសេរី លើ​ករណី​ការប្រព្រឹត្ត​អំពើ​អនាចារ​របស់​សង្ឃ លួ​ន សុ​វ៉ាត​

ភ្នំពេញ​៖ លោក ទិ​ត សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អនុប្រធាន​ប្រចាំការ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី ដោយ​អះអាងថា វិទ្យុ​បរទេស​និយាយ​ភាសា​ខ្មែរ​មួយ​នេះ ជា​វិទ្យុ​គ្មាន​វិជ្ជាជីវៈ និង​ក្រមសីលធម៌ និង​តែងតែ​ផ្សព្វផ្សាយ​ជាប្រចាំ​នូវ​ព័ត៌មាន បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កម្ពុជា តាមរយៈ​ការអុជ​អាល ញុះញង់ បំបែកបំបាក់ ដុត​កម្តៅ បំផ្លើស បំភ័ន្ត បំភ្លៃ ជាពិសេស​ការ​លាប​ពណ៌​។​
​ប្រតិកម្ម​របស់លោក ទិ​ត សុធា បានធ្វើ​ឡើង​ក្រោយ​វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​ថា “​ក្រុម​បច្ចេកវិជ្ជា​ព័ត៌មាន​ថា ហ្វេ​ស​ប៊ុ​កប​ង្ហោះ​វីដេអូ​ចោទប្រកាន់​ព្រះអង្គ​លួ​ន​សុ​វ៉ាត​បង្កើតឡើង ដោយ​ក្រុម​បម្រើការ​ក្នុង​អង្គភាព​ប្រតិកម្ម​រហ័ស​”​។ វិទ្យុ​នេះ​បាន​លើកឡើងថា អ្នកជំនាញ​ខាង​បច្ចេកវិជ្ជា ព័ត៌មាន ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​អះអាងថា វីដេអូ​យ៉ាងតិច​ចំនួន​៤ ដែល​ចោទ ថា ជា​សំឡេង​របស់​ព្រះសង្ឃ​លួ​ន សុ​វ៉ាត បង្ហោះ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​លួ​ន សុ​វ៉ាត​” និង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Srey Da Chi-Kraeng គឺជា​ស្នាដៃ​ប្រឌិត​របស់​ក្រុម​លោក ទិ​ត្យ សុធា អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល បាន​បង្កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​។ ផ្អែកលើ​វីដេអូ​នេះ គណៈសង្ឃ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣ មិថុនា បានប្រកាស​ឱ្យ​ចាប់​ផ្សឹក​ព្រះអង្គ​លួ​ន សុ​វ៉ាត ដែល​គង់​មិន​អចិន្ត្រៃយ៍​នៅ​វត្ត​ស្លែង ភូមិ​ព្រីង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ចេញពី​បព្វជិត ដោយ​ចោទថា ព្រះអង្គ បាន​ប្រព្រឹត្តិ​ខុស​វិន័យ​សង្ឃ ដោយ​សេពមេថុនធម្ម ឬ​ការ​រួមភេទ​។ សេចក្ដីសម្រេច​នេះ ធ្វើឡើង​ក្រោយពេល​ថេរ​សភា​សង្ឃ​ខេត្តសៀមរាប បាន​ពិនិត្យមើល​វីដេអូ និង​សារ​សំឡេង​សន្ទនា​ស្នេហា ដែល​សភា​សង្ឃ​យល់ថា ជា​សំឡេង​របស់​ព្រះសង្ឃ លួ​ន សុ​វ៉ាត ជាមួយ​ស្ត្រី​២​នាក់​ជា​ម្ដាយ និង​កូនស្រី​។​
​ទាក់ទង​បញ្ហា​នេះ លោក ទិ​ត សុធា បានធ្វើការ​បដិសេធចោល​ទាំងស្រុង​នូវ​ការផ្សាយ​របស់​វិទ្យុ​បរទេស​នេះ និង​ថា​ជា​វិទ្យុ​គ្មាន​វិជ្ជាជីវៈ និង​គ្មាន​ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន ដែល​តែងតែ​ផ្សព្វផ្សាយ​ជាប្រចាំ​នូវ​ព័ត៌មាន ដែលមាន​គោលដៅ​ច្បាស់លាស់​ក្នុងការ​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​កម្ពុជា តាមរយៈ​ការអុជ​អាល ញុះញង់ បំបែកបំបាក់ ដុត​កម្តៅ បំផ្លើស បំភ័ន្ត បំភ្លៃ ជាពិសេស​ការ​លាប​ពណ៌ ដូចជា​ការផ្សាយ​នៅ​យប់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ អំពី​ករណី​ការប្រព្រឹត្ត​អំពើ​អនាចារ​របស់​សង្ឃ លួ​ន សុ​វ៉ាត ជាដើម​។​
​លោក ទិ​ត សុធា បញ្ជាក់​យ៉ាងនេះ​ថា “​ខ្ញុំ​សូម​បដិសេធចោល​ទាំងស្រុង​នូវ​ការចោទប្រកាន់​និង​ការ​លាប​ពណ៌ មួលបង្កាច់​របស់​វិទ្យុ​នេះ ដែល​បំពុល និង​បំភ័ន្ត​ថា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​បង្កើត​ហ្វេ​ស​ប៊ុ​ក បង្ហោះ​វីដេអូ​ចោទប្រកាន់ “​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា​លួចលាក់​រវាង​សង្ឃ លួ​ន សុ​វ៉ាត សេពកាម​ជាមួយ​បណ្តា​ស្រី​កំណាន់​…”​។ លោក​បន្តថា នៅពេលដែល​វិទ្យុ​មួយ​នេះ ផ្សព្វផ្សាយ​ដោយ​ចោទប្រកាន់ថា អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ជា​អ្នកបង្កើត​នូវ​វីដេអូ​បែកធ្លាយ​នេះ វិទ្យុ​នេះ មិនបាន​ស្តាប់​នូវ​ការសារភាព​របស់​សង្ឃ​លួ​ន សុ​វ៉ាត នៅក្នុង​សម្ភាសន៍​ជាមួយ​វិទ្យុ​បរទេស មួយ​ផ្សេងទៀត​ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ​ដែរ កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ ដែល​បាន និយាយថា “…​សំឡេង​នោះ​ជា​របស់ខ្លួន​(​លួ​ន សុ​វ៉ាត​) ពិតប្រាកដ​មែន​…”​។​
​លោក ទិ​ត សុធា អះអាង​ទៀតថា វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​នេះ គួរតែមាន​សេចក្តីក្លាហាន លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​សង្ឃ លួ​ន សុ​វ៉ាត មក​បកស្រាយ និង​ការពារ​ខ្លួន ដោយផ្ទាល់​នៅ​ចំពោះមុខ​ថេរ​សភា​សង្ឃ​ខេត្តសៀមរាប ដែល​បានសំរេច​ប្រកាស​ផ្សឹក​ភិក្ខុ លួ​ន សុ​វ៉ាត ចេញពី​ភេទ​ជា​បុព្វ​ជិត កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ នោះ​បើ “​សង្ឃ​លួ​ន សុ​វ៉ាត ពិតជា​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​មែន​”​។
​អនុប្រធាន​ប្រចាំការ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិ​ត សុធា បញ្ជាក់ថា នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ប្រជាជន រួមទាំង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ជាង​១០​លាន​នាក់ ក្នុងចំណោម​ប្រជាជន សរុប​ជាង​១៦​លាន​នាក់ ដែល​បាននិងកំពុង​ប្រើប្រាស់​នូវ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម Online ដោយ​សេរី ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មិនដែល​បាន​បិទ​សិទ្ធិសេរីភាព​មិនឱ្យ​ប្រជាពលរដ្ឋ​បង្កើត​គណនី Facebook​ផ្ទាល់ខ្លួន ដើម្បី​ទទួល​ព័ត៌មាន ផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន ឬ​វីដេអូ​តាម Online នោះដែរ ហើយ​បេសកកម្ម និង​ការងារ​ជា​ចម្បង​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស គឺ​រក្សា និង​ការពារ​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា សំដៅ​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ អធិបតេយ្យ​ជាតិ ឯករាជភាព និង​គោលការណ៍ នីតិរដ្ឋ ក៏ដូចជា​ការផ្សព្វផ្សាយ និង​អប់រំ​សាធារណមតិ​ជាតិ​និង​អន្តរជាតិ អំពី​សមិទ្ធផល​របស់​រាជរដ្ឋាភិបាល​ដែល​កសាង និង​សម្រេចបាន​ជូន​ជាតិ​និង​ប្រជាជន​កម្ពុជា​៕

Related posts

Leave a Comment