ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ដាំផ្ញើ​ឲ្យ​នាយទាហាន​កងរាជអាវុធហត្ថ ខិតខំ​ពង្រឹង​ការងារ​សន្តិសុខ​សង្គម ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ ដែល​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ការ​ផ្ដាំផ្ញើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​ក្នុង​ពិធី​បំពាក់​ឋានន្តរ​ស​កិ្ត​ជូន​ដល់ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​៥១៤​នាក់ (​ស្រី​១២​នាក់​) កាលពី​ថ្ងៃ​សៅរ៍ ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​
​នៅក្នុង​ឳ​កាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​សួរសុខទុក្ខ និង​នាំយក​នូវ​អនុសាសន៍​ណែនាំ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មក​ណែនាំ​ដល់​នាយ នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ឲ្យ​យកចិត្តទុកដាក់​អនុវត្តន៍​តួនាទី​ភារកិច្ច​របស់ខ្លួន ប្រកបដោយ សីលធម៌ គុណធម៌ គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស ពិសេស​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ទិស​ស្លោក​របស់​លោកនាយ​ឧត្ដមសេនីយ៍ គឺ – ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ – ចំពោះ​រាស្ត្រប្រជា​ត្រូវតែ​បម្រើ – ច្បាប់​ត្រូវតែ​គោរព – បទល្មើស​ត្រូវតែ​បង្ក្រាប​ឲ្យ​ខាងតែបាន និង​- ជួយ​គិត ជួយ​ធ្វើ រួម​ទទួលខុសត្រូវ​។​
​ព្រមជាមួយ​គ្នា​នោះ​ផងដែរ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បាន​ដាស់តឿន​ក្រើនរំលឹក ដល់​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ បង្ការ និង​ទប់ស្កាត់​រលក​ទី​ពីរ នៃ​ជម្ងឺឆ្លង​កូ​វីដ​-១៩ (Covid-19) តាមរយៈ​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ ពាក់​ម៉ាស់​ឬ​របាំង​ការពារ​មុខ​ឲ្យ​បាន​ត្រឹមត្រូវ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល រក្សា​គ​ន្លាត​សុវត្ថិភាព​បុគ្គល សង្គម និង​មាន​វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ ស្របតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ព្រោះថា ប្រសិនបើ​ពិភពលោក​នៅតែ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ពិតប្រាកដ ហើយ​វ៉ាក់សាំង​នៅតែ​បន្ត​មិនទាន់មាន​ដាក់​ឲ្យ​ប្រើប្រាស់ នោះ​យើង​មិនអាច​ធ្វេសប្រហែស​បានឡើយ ត្រូវ​ចាំ​ថា​យើងទាំងអស់គ្នា​អាច​ភ្លេច​មេរោគ​កូ​វីដ​១៩​នេះ​បាន ប៉ុន្តែ​មេរោគ​នេះ​មិនដែល​ភ្លេច​យើងទាំងអស់គ្នា​ទេ​។​
​ជា​ចុងបញ្ចប់ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្ដាំផ្ញើ​ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ឋានន្តរសក្តិ​ថ្មី​នាពេលនេះ ត្រូវតែ​ខិតខំ បន្ត​អនុវត្ត​ភារកិច្ច​ដែល​ថ្នាក់លើ​បានដាក់ចុះ​ឲ្យ​បានល្អ និង​ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត ដើម្បី​រួមចំណែក​ការពារ​សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ​ជាតិ​អន្តរជាតិ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​កម្សាន្ត​ក្នុងប្រទេស​យើង និង​ត្រូវ​ស្មោះត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់ គោរព​សិទ្ធមនុស្ស និង​បទបញ្ជា​ទាំងឡាយ​របស់​ថ្នាក់លើ ប្រកបដោយ​វិន័យ​សណ្ដាប់ធ្នាប់​។​
​ចំពោះ នាយទាហាន នាយទាហានរង​ទាំង​៥១៤​នាក់ ដែល​ត្រូវបាន​បំពាក់​ឋានន្តរសក្តិ រួមមាន​ថ្នាក់​វរសេនីយ៍ទោ​ចំនួន​១២ នាក់​, ថ្នាក់​វរសេនីយ៍ត្រី​ចំនួន​១៦ នាក់​, ថ្នាក់​អនុសេនីយ៍ឯក ចំនួន ០៧ នាក់​, ថ្នាក់​អនុសេនីយ៍ទោ ចំនួន​០៦​នាក់​, ថ្នាក់​អនុសេនីយ៍ត្រី ចំនួន ៣៩ នាក់​, ថ្នាក់​នាយចំណង់ ចំនួន ០១ នាក់​, ថ្នាក់​ព្រិន្ទបាលឯក ចំនួន​៣៨៣​នាក់ និង​ថ្នាក់​ព្រិន្ទបាលទោ ចំនួន ៥០ នាក់ ៕

Related posts

Leave a Comment