លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក សេង សាញ់

​ភ្នំពេញ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម គោរព​វិញ្ញាណក្ខន្ធ​សព​លោក សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណៈភាព​កាលពី​ថ្ងៃអាទិត្យ ទី​២១ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល​ក្នុង​ជន្មាយុ​៧០​ឆ្នាំ ពិធី​បុណ្យសព​បាន​ប្រារព្ធ នៅ​គេហដ្ឋាន​នៃ​គ្រួសារ​សព ស្ថិតក្នុង ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
​លោក សេង សាញ់ កាល​នៅមាន​ជីវិត ត្រូវបាន​ប្រជាពលរដ្ឋ ស្រឡាញ់​និង​កោតសរសើរ​ថា ជា​ចៅសង្កាត់​ដ៏​ល្អ ជា​អ្នកបម្រើ​រាស្ត្រ​ដ៏​គួរអោយ​គោរព ប្រកបដោយ​គុណធម៌ សច្ចធម៌ និង​សេចក្តី​ស្មោះត្រង់ បំពេញ​សេចក្ដីសុខ និង​តម្រូវ​ការជូន​បងប្អូន​ពលរដ្ឋ​ប្រកបដោយ​ភាពកក់ក្ដៅ និង​បាន​បំពេញភារកិច្ច ជា​ចៅសង្កាត់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​ហើយ ។ គុណសម្បត្តិ​របស់លោក សេង សាញ់ បានធ្វើ​ឲ្យ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដក់​ជាប់​នូវ​មនោសញ្ចេតនា​ជ្រាលជ្រៅ ព្រោះ​ក្រៅពី​ស្នាដៃ​បម្រើ​ពលរដ្ឋ លោក សេង សាញ់ ក៏​ធ្លាប់បាន​ទំនាក់ទំនង​និង​សហការ​ល្អ​គ្រប់​កិច្ចការងារ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផងដែរ​។
​ក្នុងឱកាស​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ចូល​បច្ច័យ​ចំនួន ១​លាន​រៀល ភេសជ្ជៈ​០៨​កែស អង្ករ​២​បាវ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​យ៉ាង​ក្រៀមក្រំ​បំផុត​៕

Related posts

Leave a Comment