លោក ឳ​ម យ៉ិនទៀង ឲ្យ​ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ បំភ្លឺ​ករណី​បណ្តឹង​ពី​អំពើពុករលួយ ដោយ​ឈុប​ឃិត​ជាមួយ​ឈ្មួញ​ឈើ​

ខេត្តព្រះវិហារ​៖ លោក សុង ច័ន្ទ​សុជាតិ ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ត្រូវបាន​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ទេសរដ្ឋមន្ត្រី ឳ​ម យ៉ិនទៀង ចេញ​លិខិត​ឲ្យ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​លោក​សោម រដ្ឋា មន្ដ្រី​មន្ទីរ​បរិស្ថាន​ខេត្ត និង​សហគមន៍​ព្រៃឈើ បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ឈើ និង​អ្នក​ឈូសឆាយ​ដីព្រៃ​ដោយ​ខុសច្បាប់ ។​
​បើ​យោងតាម​លិខិត​របស់លោក​ទេសរដ្ឋមន្ត្រី ឳ​ម យ៉ិនទៀង ដែល​ផ្ញើជូន​លោក សុង ច័ន្ទ​សុជាតិ ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល និង​ពិនិត្យ​ពាក្យ​ប្ដឹង​ករណី​ឈ្មោះ សោម រដ្ឋា មន្ដ្រី​បរិស្ថាន និង​សហគមន៍​ព្រៃឈើ​បាន​ទារប្រាក់​ពី​ឈ្មួញ​ដឹកឈើ​ចេញពី​ព្រៃ​ឡង់​ក្នុង​មួយ​គោយន្ដ ចាប់ពី​៨០.០០០​រៀល ដល់​១០០.០០០ រៀល​។​
​បើតាម​អង្គភាព​ប្រឆាំង​អំពើពុករលួយ គឺ​មន្ដ្រី​បរិស្ថាន​មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ឈ្មួញ ធំ​ម្នា​ក់នៅ​ភូមិ​ពើក​ឃុំ​ពុទ្រា​ស្រុក​ជ័យ​សែន ហើយ​បើសិន​គោយន្ដ​មិន​លក់​ឈើ​ឲ្យ​ឈ្មោះ​ឡេង​នោះទេ គឺ​មិន​ឲ្យ​ដឹក​ចេញពី​ភូមិ​ពើក​ទ្បើ​យ ទោះបីជា​គោយន្ដ​នោះ បាន​បង់ប្រាក់​ចេញពី​ព្រៃ​ក៏​មន្ដ្រី​បរិស្ថាន​នៅតែ​ចាប់​ឲ្យ​បង់ប្រាក់​ម្ដងទៀត​ចំនួន​១.០០០.០០០​រៀល​។​
​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់ថា ឈ្មោះ ឡេង និង​ឈ្មោះ ឌី កំពុងតែ​ត្រូវរ៉ូវ​គ្នា​បើកដៃ​ឲ្យ​ក្រុម​គោយន្ដ​ចូល​កាប់​ឈើ​ទន្ទ្រាន​បំផ្លិចបំផ្លាញ​ព្រៃ​ឡង់ ដោយ​សេរី​ដោយមាន​មេខ្យល់​ឈ្មោះ ឌី ,​ឈ្មោះ រឿន ឈ្មោះ ម៉េ​ត និង​ឈ្មោះ យាយ​ទ្បែ​ន​។ ប្រភព​នោះ​បន្តថា ឈ្មោះ ឆាយ គឹម​ហូ​វ មាន​ប្ដី​ជា​មេព្រៃ (​ផ្នែក​រដ្ឋបាល​ព្រៃឈើ​) មាន​ឡាន​សាំ​យ៉ុង​០២​គ្រឿង និង​ឡានធំ​កង់​១០ ចំនួន​០២​គ្រឿង កំពុងតែ​ជួញ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​នោះ​ផងដែរ​៕

Related posts

Leave a Comment