ធនាគារជាតិ ប្រាប់​ឲ្យ​ធនាគារឯកជន​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​១, ២, និង​៥​ដុល្លារ

​ភ្នំពេញ​៖ ការប្រកាស​នេះ បានធ្វើ​ឡើង​នោ​ក្នុងជំនួប​ពិភាក្សា​រវាង​ធនាគារជាតិ​នៃ​កម្ពុជា ជាមួយ​តំណាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ស្តីពី​បញ្ហា​ប្រឈម នៃ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​១$ ២$ និង ៥$ និង​ផលវិបាក​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​គ្រប់គ្រង​ប្រភេទ​ក្រដាសប្រាក់​ទាំងនេះ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​។​
​សេចក្តីប្រកាស​ពី​កិច្ចប្រជុំ​បាន​ឲ្យ​ដឹងថា នៅក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ប្រឈម នឹង​វិបត្តិ​សុខភាព​ពិភពលោក ហើយ​កំពុង​ឈានចូល​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​ការពង្រឹង​ឯករាជ្យភាព​ក្នុង​ការដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ នឹង​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព​។ ក្នុងទិសដៅ​នេះ កម្ពុជា​ត្រូវ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ​ជាង​មុន ដោយ​គួរ​ចាប់ផ្តើម​ពី​ការចាយវាយ​លើ​ប្រតិបត្តិការ​ដែលមាន​ទំហំ​តូច​ទៅ​។ ដូច្នេះ​ការទុកឱ្យ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ គឺជា​ឧបសគ្គ​មួយ​ក្នុងការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​។
​បើតាម​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ ប្រាក់រៀល ក៏ដូចជា​រូបិយប័ណ្ណ​ក្នុង​តំបន់​បាន​ធ្លាក់​ថ្លៃ​គួរឱ្យកត់សម្គាល់ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ចំពោះ​ប្រទេស​ក្នុង​តំបន់ តម្លៃ​រូបិយប័ណ្ណ​របស់គេ​ធ្លាក់​ថ្លៃ គឺជា​ចម្បង ដោយសារ​ការធ្លាក់ចុះ​នៃ​ការនាំចេញ និង​លំហូរ​ចេញ​នៃ​មូលធន​។ ចំណែកឯ​កម្ពុជា​វិញ ការធ្លាក់​ចុះថ្លៃ​ប្រាក់រៀល គឺ​ដោយសារ​តម្រូវ​ការប្រាក់​រៀល​ធ្លាក់ចុះ (​ដែលជា​ចម្បង​បណ្តាលមកពី​ការ​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ​។​ល​។​)​។ ការធ្លាក់​ថ្លៃ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​នេះ មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជាកសិករ ដែលមាន​ចំណូល​ជា​ប្រាក់រៀល​។ ដូច្នេះ​ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច ជាពិសេស​សម្រាប់​ប្រតិបត្តិការ​ដែលមាន​ទំហំ​តូច ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ​គួរ​ត្រូវ​ជំនួស​ដោយ​ប្រាក់រៀល​វិញ​៕

Related posts

Leave a Comment