World Bank ផ្តល់​ឥណទាន​២០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជួយ​កម្ពុជា ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ឌ​-១៩

​ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក បានអនុម័ត​លើ​ឥណទាន​ទឹកប្រាក់​ចំនួន​២០​លាន​ដុល្លារ​អាមេរិក របស់​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​គម្រោង​ឆ្លើយតប​ជាបន្ទាន់​ទៅនឹង​ជំងឺ​កូ​វី​ឌ​-១៩​នៅ​ប្រទេស​កម្ពុជា ដែល​ឥណទាន​នេះ​ជា​លើកដំបូង​ហើយ​នៅក្នុង​កញ្ចប់​ថវិកា​ប្រតិបត្តិការ​សម្រាប់​ជួយ​ក្នុង​សភាព​ការ​បន្ទាន់ តាមរយៈ​យន្តការ​សេវា​រហ័ស​ក្នុងពេល​មានការ​រាលដាល​កូ​វី​ឌ​-១៩​។​

​លោកស្រី អ៊ីង​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា “​ហិរញ្ញប្បទាន​តាមរយៈ​យន្តការ​សេវា​រហ័ស​នេះ នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ស្ថានការណ៍​បន្ទាន់​ផ្នែក​សុខាភិបាល​ទូទាំង​សាកលលោក​ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ហិរញ្ញប្បទាន​នេះ​គឺ​សម្រាប់​កម្ពុជា​យកទៅ​ប្រើ​ដើម្បី​ជាវ​ការផ្គត់ផ្គង់​គ្រឿង​បរិក្ខារ និង​ឧបករណ៍​សម្ភារៈ​ពេទ្យ​ចាំបាច់​នានា ដើម្បី​យកមក​ធ្វើតេស្ត​រក​រោគសញ្ញា និង​ព្យាបាល​ជំងឺ​កូ​វី​ឌ​-១៩, កាត់បន្ថយ​ការ​រាលដាល​ឆ្លង​របស់​មេរោគ​, ពង្រឹងសមត្ថភាព​ឆ្លើយតប​ទៅនឹង​ការ​រាលដាល​មេរោគ​, និង​ជួយ​ធ្វើយ៉ាងណា​ឱ្យ​អ្នកជំងឺ​ឆាប់​ជាសះស្បើយ​និង​សេដ្ឋកិច្ច​ឆាប់​បាន​ងើប​ឡើងវិញ​”​។​

​គម្រោង​នេះ នឹង​ជួយ​កម្ពុជា​ឱ្យសម្រេចបាន​តាម​គោលដៅ​ដែល​បាន​ដាក់ចេញ​នៅក្នុង​ផែនការមេ​កូ​វី​ឌ​-១៩ របស់ខ្លួន ក្នុងនោះ​រួមមាន ការពង្រឹង​សកម្មភាព​ទប់ស្កាត់​ជំងឺ ការរកឃើញ​ជំងឺ​ឱ្យបាន​រហ័ស ការត្រៀម​លក្ខណៈ និង​ការឆ្លើយតប​ទៅនឹង​ជំងឺ​។ គម្រោង​នេះ​នឹង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការសាងសង់​មណ្ឌល​ដាក់​អ្នកជំងឺ​ឱ្យនៅ​ដាច់ដោយឡែក និង​ព្យាបាល​អ្នកជំងឺ ហើយ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​វិភាគ​រោគសញ្ញា​នៅតាម​មន្ទីរពិសោធន៍​របស់​ម​ន្ទីរ​ពេទ្យ​បង្អែក នៅ​ទូទាំង​២៥​ខេត្ត​-​ក្រុង​។ លើសពីនេះ គម្រោង​ក៏​នឹង​ជួយ​ទៅលើ​ការចំណាយ​ក្នុងការ​ជាវ​ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ពេទ្យ ដែល​ចាំបាច់​សម្រាប់​យកមក​ព្យាបាល​អ្នកជំងឺ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ការឆ្លង​មេរោគ​។ ជាមួយគ្នានេះ គម្រោង​នឹង​ជួយ​ផងដែរ​ដល់​វិធានការ​ដាក់ពង្រាយ​ឱ្យបាន​រហ័ស​នូវ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​នៅ​ទូទាំងប្រទេស តាមរយៈ​ការជួល​និង​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​បុគ្គលិក​បន្ថែម ពង្រឹងសមត្ថភាព​រប​ស់​មណ្ឌល​ប្រតិបត្តិការ​បន្ទាន់​នៃ​សេវា​សុខាភិបាល​សាធារណៈ ដែល​សម្រប​សម្រួលការ​ងារ​ជាមួយ​កិច្ចខិតខំ​ត្រៀមលក្ខណៈ​និង​ឆ្លើយតប​ជំងឺ​កូ​វី​ឌ​-១៩​ទូទាំងប្រទេស និង​បង្កើត​មណ្ឌល​ប្រតិបត្តិការ​បន្ទាន់​នៅ​កម្រិត​ខេត្ត​ទៀត​។​

​គម្រោង​ឆ្លើយ​បត​បន្ទាន់​ទៅនឹង​ជំងឺ​កូ​វី​ឌ​-១៩​នេះ បំពេញបន្ថែម​ដល់​ការងារ​អភិវឌ្ឍន៍​វែងឆ្ងាយ​មួយ​ដែល​ធនាគារពិភពលោក​កំពុង​ជួយ​ជ្រោមជ្រែង​នៅក្នុង​វិស័យ​សុខាភិបាល ក្នុងនោះ​មាន គម្រោង​លើកកម្ពស់​សមធម៌​និង​គុណភាព​សុខាភិបាល (H-EQIP) ដែល​សំដៅ​បង្កើន​លទ្ធភាព​របស់​ព​ល​រដ្ឋ​ក្រីក្រ​ជាងគេ​នៅ​កម្ពុជា​ឱ្យទទួល​បាន​សេវា​សុខាភិបាល​មានគុណ​ភាព​។ កាលពី​សប្តាហ៍​កន្លងទៅ ថវិកា​១៤​លាន​ដុល្លារ​អាមេរិក​របស់​គម្រោង H-EQIP នេះ ត្រូវបាន​ផ្តល់​តាមរយៈ សមាសភាគ​បម្រុង​សម្រាប់​ការឆ្លើយតប​បន្ទាន់ (CERC) នៅក្នុង​គម្រោង សម្រាប់​យកទៅ​ប្រើ​ក្នុង​ការទិញ​រថយន្ត​សង្គ្រោះ​និង​គ្រឿង​បរិក្ខារ​ពេទ្យ និង​ដើម្បី​រៀបចំ​មន្ទីរពិសោធន៍​ជាតិ​ឱ្យមាន​សមត្ថភាព​ឆ្លើយតប​បាន​រហ័ស​ទៅនឹង​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ឌ​-១៩​។ សមាសភាគ CERC នៅក្នុង​គម្រោង អនុញ្ញាតឱ្យ​បង្វែរ​មូលនិធិ​ពី​ផ្នែក​នានា​នៃ​គម្រោង H-EQIP នេះ ដើម្បី​យកទៅ​បំពេញ​ភាពចាំបាច់​សម្រាប់​ធ្វើការ​ឆ្លើយតប​ជាបន្ទាន់ ដែល​អាច​កើតមានឡើង​។​
​ដើម្បី​ឆ្លើយតប​ទៅនឹង​សភាពការណ៍​នេះ ធនាគារពិភពលោក​កំពុងតែ​អនុវត្ត​កម្មវិធី​កញ្ចប់​ហិរញ្ញវត្ថុ​ចំនួន​១៤​ប៊ី​លាន​ដុល្លារ​អាមេរិក តាម​យន្តការ​បញ្ចេញ​រហ័ស​ស​ម្រា​ប់​ពង្រឹង​ការឆ្លើយតប​ទៅនឹង​ការ​រាតត្បាត​របស់​កូ​វី​ឌ​-១៩ នៅតាម​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ជួយ​ធ្វើយ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​ឆាប់​ស្តារ​ងើបឡើង​វិញ​។ វិធានការ​ឆ្លើយតប​ភ្លាមៗ​រួមមាន ជំនួយ​ហិរញ្ញវត្ថុ ការផ្តល់​ប្រឹក្សា​គោលនយោបាយ និង​ជំនួយ​បច្ចេកទេស ដល់​បណ្តា​ប្រទេស​ឱ្យមាន​លទ្ធភាព​លៃលក​ជាមួយ​ផល​ប៉ះទង្គិច​របស់​ការ​រា​ត្បា​ត​នេះ ទៅលើ​សេដ្ឋកិច្ច និង​សុខាភិបាល​។ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) កំពុងផ្តល់​ហិរញ្ញប្បទាន​ចំនួន​៨​ប៊ី​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​បណ្តា​ក្រុមហ៊ុន​ដែល​រង​ការប៉ះទង្គិច​ពី​វីរុស​នេះ និង​ដើម្បី​ឱ្យគេ​អាច​រក្សា​ការងារ​បាន​ផង​។​

​ធនាគារ​អន្តរជាតិ​សម្រាប់​ការកសាង​ឡើងវិញ និង​ការអភិវឌ្ឍ (IBRD) និង​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) កំពុងតែ​ដាក់ចេញ​កញ្ចប់​ថវិកា​៦​ប៊ី​លាន​ដុល្លារ​អាមេរិក​សម្រាប់​វិធានការ​ឆ្លើយតប​ផ្នែក​សុខាភិបាល​។ ដោយសារ​តម្រូវការ​ជំនួយ​នៅតាម​ប្រទេស​មាន​វិសាលភាព​ទូលំទូលាយ ក្រុម​ធនាគារពិភពលោក​ត្រៀមខ្លួន​នឹងដាក់​ចេញ​កញ្ចប់​ហិរញ្ញវត្ថុ​រហូតដល់​ទៅ​១៦០​ប៊ី​លាន​ដុល្លារ សម្រាប់​រយៈពេល​១៥​ខែ ដើម្បី​ការពារ​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ជួយ​ជ្រោមជ្រែង​ដល់​ធុរកិច្ច និង​ជួយ​ជំរុញ​សេដ្ឋកិច្ច​ឱ្យ​ឆាប់​ងើប​ឡើងវិញ​នាពេលខាងមុខ​៕

Related posts

Leave a Comment