អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្កើន​ការការពារ​ជម្ងឺឆ្លង​កូ​វី​ឌ​-១៩ បន្ថែម​លើ​ផែនការ​ដែល​បានដាក់​ចេញ​

​ភ្នំពេញ​៖ ចាប់តាំងពី​មាន​ផ្ទុះឡើង​នូវ​ការរីក​រាលដាល ជម្ងឺ​កូ​វី​ឌ​-១៩ ក្នុងប្រទេស​កម្ពុជា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​ផែន​ការពារ​ជម្ងឺឆ្លង​ជា​បន្តបន្ទាប់ ដល់​កម្លាំង​ក្រោម​ឱវាទ​ទូទាំង​រាជធានី​ភ្នំពេញ ឲ្យ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ផ្តើមចេញពី​ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន អនាម័យ​ជុំវិញ​អង្គភាព អនាម័យ​តាម​គ្រួសារ​អាវុធហត្ថ​នីមួយៗ និង​មាន​វិធានការ​ប្រុងប្រយ័ត្ន​ផ្សេងៗ​តាម​លំដាប់ ស្របតាម​សេចក្តីណែនាំ របស់​ក្រសួងសុខាភិបាល ថែមទាំង​បាន ចូលរួម​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ជូន​ដល់​ប្រជាជន មហាជន នៅតាម​បណ្តា​មូលដ្ឋាន ភូមិ​សង្កាត់​ក្នុង​ខណ្ឌ​ទាំង​១៤​នៃ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​លើសពីនេះ​ទៀត នៅ​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០២០​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​បន្ថែម​នូវ​វិធាន​ការពារ​ដោយ​បំពាក់​ឧបករណ៍​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​ច្រកចូល​ទីបញ្ជាការ​រាជធានី បើក​ចែក​នូវ​ធុង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ដល់​បណ្តា​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ និង​បើក​ភ្ជាប់​ជាមួយ​ទឹក​ថ្នាំ​សម្លាប់​មេរោគ សាប៊ូ​លាងដៃ ក្រដាស់​ជូត​ដៃ ស្រោមដៃ ម៉ាស និង​ត្រីខ គ្រប់ៗ​ខណ្ឌ​៕

Related posts

Leave a Comment