លោកឧត្តមសេនីយ៏ រ័ត្ន ស្រ៊ាង ចូលរួម​សច្ចាប្រណិធាន​តម្លើង​ស្នាដៃ​របាំ​បុរាណ​ខ្មែរ ដើម្បី​ត្រៀម​ប្រកួត​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស អបអរ​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី​២២ ​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី សំពះគ្រូ និង​សច្ចាប្រណិធាន​តម្លើង​ស្នាដៃ​របាំ បុរាណ​ខ្មែរ មាន​ចំណងជើង​ថា “​អប្សរា​២៥​ដួង​” ដែល​រៀបចំឡើង​ដោយ ក្រុមយុវជន​ស្ម័គ្រចិត្ត នៃ​សកល​វិទ្យាល័យ​មេគង្គ​កម្ពុជា និង​ដោយមាន​ការចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោកស្រី ឱម យុ​វណ្ឌី សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​លោក ផល សារា​វុ​ធ សាស្ត្រាចារ្យ​នៃ​សាលា​មធ្យម​វិចិត្រសិល្បៈ​។​
​ទស្សនីយភាព​របាំ​បុរាណ​ខ្មែរ អមដោយ​ទំនុក​ភ្លេងបុរាណ​យ៉ាង​ពិ​រោះ​រងំ ដែល​បានធ្វើ​សច្ចាប្រណិធាន​តម្លើង​ស្នាដៃ​នា​ថ្ងៃនេះ គឺ​ក្នុង​គោលបំណង ត្រៀម​យកទៅ​ប្រកួត​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស ដើម្បី​អបអរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២២ ឆ្នាំ​២០២០ ដែល​សង្ឃឹមថា ស្នាដៃ​មួយ​នេះ នឹង​ទទួលបាន​ជោគជ័យ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ផ្សព្វផ្សាយ​អោយ​មហាជន​បាន​ស្គាល់​ពី​ភាព​អស្ចារ្យ​នៃ​វប្បធម៌​ខ្មែរ ដោយមាន​ការគាំទ្រ​ពេញទំហឹង ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង និង​ប្រឹក្សា​យោបល់​ដោយ​សាស្ត្រាចារ្យ​ផ្នែក​វិចិត្រសិល្បៈ​ចំនួន​០៤​រូប គឺ លោកស្រី ឱម យុ​វណ្ឌី​,​លោក ផល សារា​វុ​ធ​, លោកស្រី អ៊ុក សុទ្ធា​រ៉ា និង លោក សេង សំ​អ៊ែ​ល​។​

​បើទោះបី​ក្រុមយុវជន​ស្ម័គ្រចិត្ត​ទាំងនេះ ពុំមែន​ជា​អ្នកសិល្បៈ​អាជីព តែ​ពួកគេ​បាន​ហ្វឹកហាត់​និង​សម្តែង ផ្នែក​សិល្បៈ​បុរាណ​ខ្មែរ​បាន​យ៉ាង​ល្អ និង​ធ្លាប់បាន​ចូលរួម​ប្រកួត​ដណ្តើមបាន​ពានរង្វាន់​ក្នុងការ​តម្លើង​ស្នាដៃ​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​តាំងពី​ឆ្នាំ​២០១៥​មក ដូចជា​ស្នាដៃ​របាំ “​នាគ​ក្នុង​ដួងចិត្ត​ខ្មែរ​”, របាំ “​មរតក​ភ្លេងពិណពាទ្យ​”, ល្ខោន​ចម្រុះ​រឿង “​យើងទាំងអស់គ្នា​ដើម្បី​ខ្មែរ​” និង​ពិសេស​ស្នាដៃ​ល្ខោន​ចម្រុះ​ចុងក្រោយ​ថ្មីៗ​នៅ​ឆ្នាំ​២០១៩ គឺ​រឿង “​មាតុភូមិ និង ស្នេហា​” ដែល​ទទួលបាន​ពានរង្វាន់​ជ័យលាភី​ស្នាដៃ​ឆ្នើម​ថ្នាក់​លេខ​១ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ទិវា​វប្បធម៌​ជាតិ​៣ មីនា លើក​ទី​២០ ឆ្នាំ​២០១៨៕

Related posts

Leave a Comment