ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ជនរួមជាតិ បន្ត​ការគាំទ្រ​ដល់​សកម្មភាព​នានា របស់​ជន​មាន​ពិការភាព​

​ភ្នំពេញ​៖ តាម​ព្រះរាជសារ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ បន្ត​ការគាំទ្រ​ដល់​សកម្មភាព​នានា របស់​ជន​មាន​ពិការភាព ដើម្បី​លុបបំបាត់​ឧបសគ្គ​រារាំង​ឈានទៅ​ពង្រឹង​ភាពជា​ម្ចាស់ការ​ឱ្យបាន​រឹងមាំ ក្នុងទិសដៅ​សម្រេចបាន​នូវ​ការលើកកម្ពស់​និង​ការពារ​សិទ្ធិ​របស់​ជន​មាន​ពិការភាព​។​
​ព្រះរាជសារ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​លើកឡើងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បានធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ជ​ន​មាន​ពិការភាព​មាន​ភាពប្រសើរឡើង តាមរយៈ​ការលើកកម្ពស់​កំណើន​ការងារ និង​អាជីព​សមស្រប ព្រមទាំង​ការពង្រឹង​ភាពជា​ម្ចាស់ការ ដោយ​លើកទឹកចិត្ត​ដល់​ជន​មាន​ពិការភាព មាន​មុខរបរ​ផ្ទាល់ខ្លួន សំដៅ​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សង្គម ។​
​សមិទ្ធផល​រយៈពេល​៥ ឆ្នាំ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៤-២០១៨ នាពេល​កន្លងមក បានធ្វើឱ្យ​ជន​មាន​ពិការភាព​ទទួលបាន​ទាំង​សេវា​សុខភាព ប្រកបដោយ​គុណភាព និង​សមធម៌ ព្រមទាំង​ការស្តារ​លទ្ធភាព ពលកម្ម​កាយសម្បទា និង​សតិបញ្ញា​បានល្អ​ប្រសើរ​។ ការលើកកម្ពស់​ការចូល​រួម​របស់​ជន​មាន​ពិការភាព ដើម្បី​សម្តែង​មតិ​ទទួល​ព័ត៌មាន និង​ចូលរួម​ជីវភាព​នយោបាយ ត្រូវបាន​លើកទឹកចិត្ត​ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ និង​អន្តរជាតិ រួមទាំង​ការធានាបាន​នូវ​សកម្មភាព​សង្គម វប្បធម៌ សាសនា កីឡា សិល្បៈ ការ​សម្រាក​ល​ម្លៃ ដែល​ធ្វើឱ្យ​ជន​មាន​ពិការភាព​ទទួល​បានកា​រ​អភិវឌ្ឍន៍​ឥតឈប់ឈរ​ពី​រាជរដ្ឋាភិបាល​។​
​សមិទ្ធផល​ធំៗ​ខាងលើនេះ បាន​សបញ្ជាក់​អំពី​ឆន្ទៈ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​សំដៅ​បម្រើឱ្យ​បុព្វហេតុ​ដ៏​ថ្លៃថ្លា​របស់​ជន​មាន​ពិការភាព​កម្ពុជា ។ ព្រះអង្គ​បានធ្វើការ​លើកទឹកចិត្ត​បន្ថែមទៀត ដើម្បី​បន្តសកម្មភាព​ដ៏​ល្អ​ប្រពៃ​ថ្លៃថ្លា​នេះ និង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​ទាំងអស់​បន្ត​ការគាំទ្រ​ដល់​សកម្មភាព​នានា​របស់​ជន​មាន​ពិការភាព ដើម្បី​លុបបំបាត់​ឧបសគ្គ​រារាំង​ឈានទៅ​ពង្រឹង​ភាពជា​ម្ចាស់ការ​ឱ្យបាន​រឹងមាំ ក្នុងទិសដៅ​សម្រេចបាន​នូវ​ការលើកកម្ពស់ និង​ការពារ​សិទ្ធិ​របស់​ជន​មាន​ពិការភាព​។​
​ជាមួយគ្នា​នោះ ព្រះអង្គ​បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឆ្នើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជន​មាន​ពិការភាព និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​ផ្តល់​សេចក្តី​អាណិត​ស្រឡាញ់ សន្តោស​ប្រ​ណ៏​ចំពោះ​ជន​មាន​ពិការភាព ដែល​ជួប​ទុក្ខលំបាក នាពេល​កន្លងមក និង​អរគុណ​ចំពោះ​សហគមន៍ជាតិ និង​អន្តរជាតិ​ដែលមាន​ទឹកចិត្ត​សប្បុរស​បានផ្តល់​ការគាំទ្រ​ទាំង​ផ្នែក​ស្មារតី សម្ភារៈ និង​ថវិកា​ដ៏​ច្រើន ដើម្បី​ជួយ​ឱ្យ​វិស័យ​ពិការភាព ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជោគជ័យ​៕

Related posts

Leave a Comment