នាយករដ្ឋមន្ត្រី នឹង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​សិក្សា​អន្តរជាតិ​ប៊ូសាន នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១ នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ហើយ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ខាងលើនេះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម មូ​ន ចែ​អ៊ី​ន​(Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​។​
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា បាន​ឲ្យ​ដឹងថា មុនពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ទាំងពីរ​ខាងលើ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ប្រធានាធិបតី មូ​ន ចែ​អ៊ី​ន ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ភាគី រួមទាំង​ប្រធានបទ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ការយកចិត្តទុកដាក់ និង​ការបារម្ភ​រួម​។ បន្ទាប់មក ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន​រវាង​កម្ពុ​ជា និង​សាធារណរដ្ឋ​កូរ៉េ ផងដែរ​។​
​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ចំនួន​ពីរដង ដោយ​ផ្តោតជាសំខាន់​ទៅលើ ទី​១, ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ រយៈពេល​៣០​ឆ្នាំ និង​ទិសដៅ​អនាគត​ក្នុង​កិច្ចខិតខំ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​សមាហរណកម្ម​តំបន់ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​វិស័យ​នយោបាយ​-​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌ និង​ទី​២, ការលើកកម្ពស់​ការតភ្ជាប់​។ ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមជាមួយ​ថ្នាក់ដឹកនាំ​ដទៃទៀត នៃ​ប្រទេស​សមាជិក​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ក៏​នឹង​អញ្ជើញ​ទស្សនា​ព្រឹត្តិការណ៍​សំខាន់​ចំនួន​ពីរ រួមមាន ការបង្ហាញ​នៃ​ការចាប់ផ្តើម​និង​វឌ្ឍនភាព​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​ការបង្ហាញ​នវានុវត្តន៍ អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ឆ្នាំ​២០១៩​។​
​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ដោយ​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​ផែនការ​ឆ្ពោះទៅមុខ ដែល​ស្រប​ជាមួយ​គោលនយោបាយ​ភាគខាងត្បូង​ថ្មី​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មេគង្គ​និង​សាធារណរដ្ឋ​កូរ៉េ ក៏​នឹង​អញ្ជើញ​ទស្សនាការ​តាំងពិព័រណ៍​ពិសេស​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជីវៈចម្រុះ​រវាង​ប្រទេស​មេគង្គ និង​សាធារណរដ្ឋ​កូរ៉េ​។
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​សិក្សា​អន្តរជាតិ​ប៊ូសាន ដោយសារ​សាកលវិទ្យាល័យ​នេះ​បាន​មើលឃើញ និង​ទទួលស្គាល់​ពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ការសម្រេចបាន​សមិទ្ធផល​យ៉ាង​ធំធេង ក្នុងការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា ក៏ដូចជា​ការលើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​
​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​ប៊ូសាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម ដោយ​លោក អូ កែ​-​ដុន (Oh Keo-don) អភិបាល​ទីក្រុង​ប៊ូសាន​។ សម្តេច​តេ​ជោ ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​កម្ពុជា សិស្ស​-​និស្សិត និង​ពលករ​កម្ពុជា ដែល​កំពុងតែ​រស់នៅក្នុង​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។
​គួរ​កត់សម្គាល់ថា កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ នឹង​គូសបញ្ជាក់​អំពី​ខួប​លើក​ទី​៣០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ហើយនឹង​កំណត់​ពី​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​ពេលអនាគត ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ ឲ្យ​ដល់​កម្រិត​ថ្មី​ខ្ពស់ជាង​មុន​។ លើសពីនេះ កិច្ចប្រជុំ​កំពូល​ទាំងពីរ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​បន្ថែមទៀត ដើម្បី​ជំរុញ​បន្ថែម​នូវ​ភាពជា​ដៃគូ​រវាង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​បណ្តា​ប្រទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ផលប្រយោជន៍ និង​វិបុលភាព​ពិតប្រាកដ​របស់​ប្រជាជន​ខ្លួន​។​
​នៅក្នុង​ក្របខ័ណ្ឌ​រដ្ឋមន្ត្រីការបរទេស ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រួមជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ក្នុង​តំបន់​មេគង្គ​ដទៃទៀត នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ពេល​ល្ងាច​ការងារ រៀបចំ​ដោយ​លោកជំទាវ កាង ឃ្យុ​ង​-​វ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​៕

Related posts

Leave a Comment