បិទ​ការដ្ឋាន​អគារ​កម្ពស់​៤២​ជាន់ ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ​ជា​ញឹកញាប់​

​ភ្នំពេញ​៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នា​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា នេះ​ថា អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានសម្រេច​បញ្ជា​អោយ​បិទ​ការដ្ឋាន​អគារ​៤២​ជាន់​នេះហើយ ពីព្រោះ​អគារ​នេះ​តែងតែ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់ ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ហើយ​បើតាម​អ្នកនាំពាក្យ​រូបនោះ នេះ​ជា​លើក​ទី​២​ហើយ ដែលមាន​ការធ្លាក់​ដែក​ចំ​ឡាន​ប្រជាពលរដ្ឋ​នេះ​។​
​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ មាន​ករណី​ធ្លាក់​ដែក​ពីលើ​សំណង់​អគារ​កម្ពស់​៤២​ជាន់ ត្រូវ​រថយន្ត​ទំនើប​មួយគ្រឿង តាម​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ភ័យ​ព្រលឹង​សុច​សក់ ហើយក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ ក៏ដូចជា​រស់នៅ​ក្បែរ​សំណង់​អគារ​ខ្ពស់កប់ពពក​ដល់​៤២​ជាន់ ភ័យ​ស្លន់ស្លោ​ផងដែរ​។ ករណីនេះ​អាច​កើតឡើង​ដោយ​កត្តា​ធ្វេសប្រហែស​នៃ​ម្ចាស់​ការដ្ឋាន ។​


​រថយន្ត​ដែល​រង​ការខូចខាត​នោះ ម៉ាក Mercedes-Benz S350 ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC-7788 ខ្ទេច​មួយ​កំណាត់​ក្រោយ ចំណែក​ម្ចាស់​រថយន្ត​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។
​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត ម៉ាក Mercedes-Benz S350 ពាក់​ស្លាក​លេខ​ភ្នំពេញ​2BC-7788 បាន បើក​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ពី​ត្បូង​ទៅ​ជើង លុះ​ជិត​ដល់​ស្តុ​ប​ពេទ្យ​ចិន កែង​និង​ផ្លូវ​សីហនុ កំពុងបើក​សុខៗ​ស្រាប់ តែ​ដែក​កៅឡាក់ កង់យោង​សំភា​រះ​សំណង មាន​ទម្ងន់​រាប​រាយ​គីឡូក្រាម ធ្លាក់​មក​ចំ​រថយន្ត ផ្នែក​ខាងក្រោយ (​កន្លែង​កញ្ចក់​ក្រោយ​) បែកខ្ទេច ប៉ុន្តែ​មិន​បង្ក​ឲ្យ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ តាម​ដងផ្លូវ​នោះ រងរបួស់​នោះទេ​គឺ ខូចខាត​តែ​រថយន្ត​តែប៉ុណ្ណោះ ។​

​ប្រភព​ដដែល​បន្តថា ក្រោយពី​មាន​ឧ​ប​ទ្ទ​ហេតុ​នោះ​កើតឡើង សន្តិសុខ និង​អ្នកមើលការខុសត្រូវ​នៅក្នុង​ការដ្ឋាន Gold Tower 42 ជាច្រើន​នាក់​បាន​ចេញមក​លើកយក​ដែក ដែល​ធ្លាក់​លើ​រថយន្ត​ទាំង​ប្រ​ញ៉ាប់​ប្រញាល់ រួមទាំង​បើករថយន្ត​រងគ្រោះ​ផងដែរ​នោះ ចូលទៅ​ក្នុងការ​រដ្ឋា​ន​ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត ដោយ​មិន​អនុញាតិ​ឲ្យ​ក្រុមអ្នកកាសែត​ចូល​ផ្តិត​យក​រូបភាព​ឡើយ​។ តែ​យ៉ាងណាក៏ដោយ​ករណីនេះ​គេ​នៅ​មិនទាន់​ដឹងថា ភាគី​ការដ្ឋាន Gold Tower 42 ដោះស្រាយ​សំណង​បែបណា​ទៅ​ភាគី​រថយន្ត​រងគ្រោះ​នោះទេ ។​
​កន្លងមក​ការដ្ឋាន Gold Tower 42 នេះ ដោយសារ​មានការ​ធ្វើ​ប្រ​ហេស បាន​បង្ក​ឲ្យ​ដែក​បំពង់​ទីប​ធ្លាក់​ត្រូវចំ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង ដែល​ចត​ស្ងៀម​ម្តង​រួចមកហើយ ប៉ុន្តែ​ក្រោយពី​ដោះស្រាយ​គ្នា​ចប់​អាគារ​នោះបាន​បន្តដំណើរ​ការសាងសង​ដដែល រហូតមកដល់​លើក​នេះ​ជា​លើក​ទី​២៕

Related posts

Leave a Comment