តំណាង​កម្ពុជា​សាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខេត្ត​ស៊ី​ង​ជាំ​ង ដែល​នាំទៅដល់​ការរំដោះ​ខ្លួន​ឱ្យ​រួច​ផុតពី​ភាពជ្រុលនិយម​ខាង​សាសនា​

​ទីក្រុង​ហ្សឺ​ណែវ​៖ ស្ថាន​បេស​កក​កម្ម​អចិ​ន្ត្រៃ​យ៏​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស លោក ណី សំអុល បានធ្វើ​សេចក្តី​ថ្លែង​ការ​ណ៏​មួយ ទាក់ទង​កិច្ចពិភាក្សា​ទូទៅ​ស្តីពី​សិទ្ធិមនុស្ស ដែល​ទទួល​ការចាប់អារម្មណ៍​ពិសេស​ពី​ក្រុមប្រឹក្សា​របៀបវារៈ​ទី​៤ នៃ​កិច្ចប្រជុំ​លើក​ទី​៤២ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។​

​នៅក្នុង​សេចក្តី​ថ្លែង​ការ​ណ៏​ពី​ទីក្រុង​ហ្សឺ​ណែវ ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ តំណាង​កម្ពុជា​លោក ណី សំអុល បាន​លើកឡើងថា សិទ្ធិមនុស្ស​គួរ​ត្រូវបាន​វាយតម្លៃ​ជារួម ជាជាង​ការពិនិត្យ​តែ​លើ​ករណី​ដោយឡែក​ណាមួយ​។ សិទ្ធិ​ទាំងអស់​គួរ​ទទួលបាន​ការផ្តោត​ការយកចិត្តទុកដាក់ និង​សារៈសំខាន់​ដូចៗ​គ្នា​។ ការលើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស​គួរ​ត្រូវបាន​អនុវត្ត​ដោយ​អនុលោម​តាម​គោលការណ៍​មិន​ល​ម្រៀ​ង អ​ព្យា​ក្រឹត្យ​ភាព មិន​ច្ប​ច​យក​បញ្ហា​តែមួយ​ជ្រុង ព្រមទាំង​ប្រកាន់ខ្ជាប់​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ជាពិសេស​មាត្រា​២(៧)​។​

​តំណាង​កម្ពុជា​លើកឡើង​ទៀតថា សិទ្ធិមនុស្ស​មិនគួរ​ត្រូវបាន​គេ​យកមកប្រើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ជ្រៀត​ជ្រែកចូល​យុត្តាធិការ​ផ្ទៃក្នុង​របស់​រដ្ឋ​ដទៃ​ផ្សេង​ទៀតឡើយ​។ អាស្រ័យ​ហេតុនេះហើយ នៅពេលដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​លើកយក​បញ្ហា​ហុងកុង និង​ស៊ី​ង​ជាង​មក​ធ្វើការ​ពិភាក្សា កម្ពុជា​យល់ឃើញថា បញ្ហា​ទាំងនេះ​ស្ថិតនៅក្រោម​យុត្តាធិការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ត្រូវតែ​គោរព ហើយ​ការជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​នេះ ត្រូវ​ហាមឃាត់​ជាដាច់ខាត​។ វិធាន​ការដែល​ដាក់ចេញ​ដោយ​ប្រទេស​ចិន និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ដើម្បី​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​ជាតិ អនុលោម​តាមច្បាប់​ក្រុង និង​ច្បាប់​អន្តរជាតិ ដែលមាន​ស្រាប់ គួរ​ទទួលបាន​ការស្វាគមន៍​។​

​ចំពោះ​បញ្ហា​នៅ​ខេត្ត​ស៊ី​ង​ជាង តំណាង​កម្ពុជា​លើកឡើងថា “​យើងខ្ញុំ​សូម​អបអរសាទរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​នានា ដែល​សម្រេចបាន​របស់​ប្រទេស​ចិន ក្នុងការ​អនុវត្ត​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម រាប់បញ្ចូល​ទាំង​ការបង្កើត​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ សម្រាប់​ឱ្យ​សិក្ខាកាម​រៀន​ជំនាញ​ចិញ្ចឹមជីវិត និង​រំដោះខ្លួន​ឱ្យ​រួច​ផុតពី​ភាពជ្រុលនិយម​ខាង​សាសនា​។ ជា​លទ្ធផល ក្នុង​រយៈពេល​បី​ឆ្នាំ មិនមាន​សេចក្តីរាយការណ៍​អំពី​ការ​កើតមានឡើង​នូវ​ការវាយប្រហារ​ភេរវកម្ម​ណាមួយ​ទេ ហើយ​សុវត្ថិភាព និង​សន្តិសុខ​នៅ​ខេត្ត​ស្ទឹង​តាំង ក៏ត្រូវ​បាន​ស្ដារ​ត្រឡប់មកវិញ​”៕

Related posts

Leave a Comment